(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ នៅព្រឹកថ្ងៃទីពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,០០៤នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ ៧៤,១៨៥នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អាជ្ញាធរសុខាភិបាលចិនបានបញ្ជាក់ថា កាលពីថ្ងៃអង្គារម្សិលមិញនេះមនុស្ស ១៣៦នាក់បន្ថែមទៀតបានស្លាប់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួន ១,៧៤៩នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន។ ដោយឡែក នៅក្រៅចិនដីគោកវិញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីននេះមានចំនួន ៩០៥នាក់ ក្នុងនោះជប៉ុនជាប់លេខ ២ បន្ទាប់ពីចិន ដែលអ្នកផ្ទុក COVID-19 រហូតដល់ខ្ទង់ ៦០០ករណីឯណោះ។

គួរជម្រាបថា មកទល់ពេលនេះករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមាន ០៤ករណី រួមមាន៖ ១ករណីនៅកោះតៃវ៉ាន់, ១ករណីនៅហុងកុង, ១ករណីនៅហ្វីលីពីន, ១ករណីនៅជប៉ុន និង ១ករណីទៀតនៅបារាំង៕