(កាប៊ុល)៖ ប្រធានាធិបតីអាហ្វហ្គានីស្ថានបច្ចុប្បន្ន លោក Ashraf Ghani នៅតែអាចបន្តរក្សាតំណែងរបស់លោកបានដដែល សម្រាប់អាណត្តិដែលមានរយៈពេល៥ឆ្នាំ បន្តទៀត បន្ទាប់ពីលទ្ធផលបោះឆ្នោត ដែលធ្លាប់ត្រូវបានពន្យារពេលការប្រកាសអស់រយៈពេលជាង៥ខែមកនេះ បង្ហាញថាលោកគឺជាអ្នកទទួលបានជ័យជម្នះ។ នេះបើ តាមគណៈកម្មាការរៀបចំការបោះឆ្នោតអាហ្វហ្គានីស្ថាន ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Fox News នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ដោយផ្អែកលើលទ្ធផលចុងក្រោយ នៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតី កាលពីខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មាការរៀបចំការបោះឆ្នោតអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះបានប្រកាសថា លោក Ghani គឺជាអ្នកទទួលបានជ័យជម្នះ ដោយទទួលបានសំឡេងគាំទ្រ ៥០.៦៤ភាគរយ ខណៈគូរប្រជែងដ៏ធំរបស់លោក គឺលោក Abdullah Abdullah ទទួលបានសំឡេងគាំទ្រតែ៣៩.៥៣ភាគរយប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការប្រកាសលទ្ធផលបោះឆ្នោតខាងលើ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper បានប្រកាសពីបទឈប់ បាញ់មួយជាមួយក្រុមតាលីបង់ ដែលនឹងនាំទៅរកការដកកងទ័ពអាមេរិកចេញពីទឹកដីអាហ្វហ្គានីស្ថាន។ លទ្ធផលបោះឆ្នោតត្រូវបានពន្យារពេលប្រកាសអស់រយៈពេល ៥ខែ ខណៈគណបក្សប្រឆាំងចោទថារដ្ឋាភិបាលរបស់លោក Ghani លួចបន្លំសន្លឹកឆ្នោត៕