(សេអ៊ូល)៖ រដ្ឋមន្ត្រីសុខាភិបាលសាធារណកូរ៉េខាងជើង លោកស្រី Oh Chun-bok បានអះអាងថាគ្មានករណីឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 ណាមួយ ត្រូវបានឃើញនៅលើទឹកដីកូរ៉េខាងជើងនោះទេ ខណៈមានការសង្ស័យជាច្រើនថាទីក្រុងព្យុងយ៉ាង បាននិងកំពុងបិទបាំងព័ត៌មាន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោកស្រី Oh Chun-bok ធ្វើការកត់សម្គាប់ខាងលើ នៅក្នុងកិច្ចសម្ភាសន៍ដ៏កម្រជាមួយស្ថានីយ៍ទូរទស្សន៍រដ្ឋ KCNA នៅថ្ងៃអង្គារនេះ។ ថ្លែងនាឱកាសនោះ លោកស្រី Oh បានលើកឡើងដូច្នេះថា៖ «ការពិតណាស់ គ្មានករណីឆ្លង ឬក៏ករណីសង្ស័យណាមួយពីវីរុសកូរ៉ូណាថ្មី ត្រូវបានរកឃើញនៅលើទឹកដីរបស់យើង នោះឡើយ ដែលនេះអាចនឹងធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល»។

គួរជម្រាបថា ចាប់តាំងពីការផ្ទុះឡើងខ្លាំងនៃវីរុសកូរ៉ូណាថ្មី COVID-19 នៅក្នុងប្រទេសចិន និងនៅទូទាំងពិភពលោក កាលពីខែមករាកន្លងទៅ កូរ៉េខាងជើង ត្រូវបានគេរាយការណ៍បានរឹងបន្តឹងច្រកចេញចូលព្រំដែនជាមួយចិន និងចាត់វិធានការយ៉ាងតឹងរឹងជាច្រើន។ ប៉ុន្តែ ការសង្ស័យ ក៏បានផ្ទុះឡើងផងដែរថាតើ វិធានការរបស់អាជ្ញាធរទីក្រុងព្យុងយ៉ាង ពិតជាមានប្រសិទ្ធភាព ឬក៏យ៉ាងណា ខណៈក្រុមអ្នកជំនាញជាច្រើនព្រួយបារម្ភថាកូរ៉េខាងជើង កំពុងលាក់បាំង ព័ត៌មានពីករណីឆ្លង COVID-19៕