(ហុងកុង)៖ អភិបាលទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បានថ្លែងនៅថ្ងៃអង្គារនេះថា ទីក្រុងស្វយ័តរបស់ចិនមួយនេះនឹងបញ្ចេញកញ្ចប់ថវិកា ២៨ពាន់លានដុល្លារហុងកុង (៣.៦ពាន់លានដុល្លារអាមេរិក) ដើម្បីប្រយុទ្ធប្រឆាំងទៅនឹង វីរុសកូរ៉ូណាថ្មី ឬ COVID-19 និងដោះស្រាយបញ្ហាប្រឈមនានា ដែលបាននិងកំពុងបង្កឡើងដោយជំងឺឆ្លងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោកស្រីអភិបាល Carrie Lam បានបញ្ជាក់ថា ពីដំបូងឡើយកញ្ចប់ថវិកា ត្រូវបានគ្រោងបញ្ចេញតែជាង ២៥ពាន់លានដុល្លារហុងកុង (៣.២២ពាន់លានដុល្លារអាមេរិក) ប៉ុណ្ណោះ ប៉ុន្តែដោយសារសំណើមួយចំនួន ត្រូវបានលើកឡើងពីសំណាក់ក្រុមជំនាញ ទើបកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រតិបត្តិតំបន់ស្វយ័តពិសេសហុងកុង (HKSAR) បានសម្រេចបង្កើនដល់ចំនួន ២៨ពាន់លានដុល្លារហុងកុងតែម្តង។

ទីក្រុងហុងកុងនៅបន្តការត្រួតពិនិត្យ លើអ្នកធ្វើដំណើរមកពីចិនដីគោក ដើម្បីស្វែងរកអ្នកផ្ទុកវីរុស COVID-19 ជាទៀតទាត់ ហើយនៅពេលបច្ចុប្បន្ននេះ ចំនួនករណីឆ្លងវីរុសកូរ៉ូណាថ្មីនៅហុងកុងគឺកើនឡើងដល់ ៦០ករណីហើយ។ ដោយឡែកបញ្ហាធំមួយទៀតសម្រាប់ហុងកុង នោះគឺប្រជាជនខ្លួនចំនួន ៣៥២នាក់ស្ថិតនៅលើកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ដែលកំពុងរង់ចាំការពិនិត្យរកអ្នកផ្ទុក COVID-19 ពីសំណាក់អាជ្ញាធរជប៉ុននៅឡើយ។

គួរបញ្ជាក់ថា អាជ្ញាធរទីក្រុងហុងកុងកំពុងតែត្រៀមបញ្ជូនយន្តហោះពិសេស ទៅដឹកប្រជាជនខ្លួនទាំង ៣៥២នាក់នោះត្រឡប់មកវិញ ហើយក្រោយការមកដល់ហុងកុង ពួកគេហ្នឹងត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យពិសេស នៅក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានរកអ្នកមានផ្ទុកវីរុសកូរ៉ូណាថ្មី ឬ COVID-19។
ក្រសួងសុខាភិបាលជប៉ុននាថ្ងៃអង្គារនេះបានឲ្យដឹងថា មនុស្ស ៨៨នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លងវីរុស COVID-19 នៅលើកប៉ាល់ទេសចរណ៍ Diamond Princess ដែលកំពុងស្ថិតក្នុងទីក្រុង Yokohama នៃប្រទេសជប៉ុន ប៉ុន្តែមិនទាន់មានប្រភពណាមួយបញ្ជាក់ថា មានប្រជាជនចិន-ហុងកុងក្នុងចំណោមនោះ ដែរឬក៏អត់ឡើយ៕