(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុននាថ្ងៃអង្គារនេះ បានឲ្យដឹងថា មនុស្ស៨៨នាក់បន្ថែមទៀត ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លង COVID-19 នៅលើកប៉ាល់ទេសចរណ៍ Diamond Princess ដែលកំពុងស្ថិតក្នុងទីក្រុង Yokohama នៃប្រទេសជប៉ុន។ នេះបើតាមការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន NHK នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងចំណោមមនុស្ស៨៨នាក់នោះ គឺ៦៥នាក់ ត្រូវបានធ្វើតេស្តរកឃើញថា ឆ្លង COVID-19 ទាំងពុំទាន់មានបង្ហាញរោគសញ្ញាសង្ស័យអ្វីទាំង​អស់។ បើតាមអាជ្ញាធរជប៉ុន ក្នុងចំណោមមនុស្សប៉ុន្មានរយនាក់មុន ដែលកន្លងមក ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញ COVID-19 ក៏មាន​ជាច្រើននាក់ ដែល មិនបានបង្ហាញរោគសញ្ញាសង្ស័យបែបនេះដែរ។

គួរជម្រាបថា ប្រការនេះធ្វើឲ្យចំនួនករណីអ្នកឆ្លង COVID-19 នៅលើកប៉ាល់ Diamond Princess កើនដល់៥៤២នាក់ហើយ។ យ៉ាងណាមិញ​ នៅថ្ងៃពុធសប្តាហ៍នេះ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ អាជ្ញាធរជប៉ុននឹងចាប់ផ្តើមរៀបចំឲ្យអ្នកដែលមិនឆ្លងជំងឺនេះ ចុះចេញពីលើកប៉ាល់ជាបណ្តើរ​ៗ​ ក្រោយពីត្រូវស្ថិតនៅលើទីនោះ តាំងតែពីថ្ងៃទី០៣ ខែកុម្ភៈ៕