(ហ្សាការតា)៖ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi នាថ្ងៃអង្គារនេះ បានឲ្យដឹងថា ជនជាតិឥណ្ឌូណេស៊ី៣នាក់ ដែលជា បុគ្គលិកបម្រើការងារលើកប៉ាល់ទេសចរណ៍ Diamond Princess នៅឯប្រទេសជប៉ុន គឺស្ថិតក្នុងចំណោមអ្នកឆ្លង COVID-19 សរុបទាំងជាង ៤៥០នាក់ នៅលើនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោកស្រី Retno បាននិយាយដូច្នេះថា «យោងតាមការទាក់ទងចុងក្រោយរបស់ខ្ញុំ ជាមួយឯកអគ្គរាជទូតជប៉ុននៅទីក្រុងហ្សាការតា យើង ទទួលបានព័ត៌មានថា ៣នាក់ក្នុងចំណោមបុគ្គលិកកប៉ាល់ Diamond Princess ដែលជាជនជាតិឥណ្ឌូណេស៊ីសរុប៧៨នាក់ គឺបានឆ្លងជំងឺ COVID-19»។ បើតាមលោកស្រី Retno ២នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅខេត្ត Chiba ខណៈម្នាក់ទៀតត្រូវបញ្ជូនទៅមន្ទីរពេទ្យ មួយទៀត។

គួរជម្រាបថា កប៉ាល់ទេសចរណ៍ Diamond Princess ដែលមានផ្ទុកមនុស្សច្រើនជាង៣,៦០០នាក់ ត្រូវបានហាមមិនឲ្យមនុស្សចុះចេញពី លើនោះឡើយ ចាប់តាំងពីពេលមកដល់ទីក្រុង Yokohama កាលពីថ្ងៃទី០៣ ខែកុម្ភៈ បន្ទាប់ពីអតីតអ្នកដំណើរម្នាក់ ដែលបានចុះនៅទីក្រុង ហុងកុងបានឆ្លងជំងឺ COVID-19។ បើតាមអាជ្ញាធរជប៉ុន នៅថ្ងៃពុធសប្តាហ៍នេះ (ថ្ងៃទី១៩ ខែកុម្ភៈ) អ្នកដែលនៅលើកប៉ាល់ Diamond Princess នឹងត្រូវចាប់ផ្តើមអនុញ្ញាតឲ្យចុះពីលើកប៉ាល់ហើយ ប៉ុន្តែអាចត្រូវចំណាយពេលរហូតដល់ថ្ងៃសុក្រ (ថ្ងៃទី២១ ខែកុម្ភៈ) ទើបបញ្ចប់ជាស្ថាពរ៕