(ហ្សាការតា)៖ ពលរដ្ឋឥណ្ឌូណេស៊ីទាំងអស់ចំនួន៣៦២នាក់ បម្រើការងារនៅលើកប៉ាល់ MS Westerdam ដែលបច្ចុប្បន្នកំពុងស្ថិតនៅកំពង់ផែខេត្តព្រះសីហនុ ប្រទេសកម្ពុជាគឺមានសុខភាពល្អធម្មតា។ នេះបើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi ដកស្រង់ចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ការលើកឡើងបែបនេះរបស់លោកស្រី Marsudi ធ្វើឡើង បន្ទាប់ពីស្ត្រីជនជាតិអាមេរិកម្នាក់ ដែលចាកចេញពីកប៉ាល់ Westerdam និងចូលមកក្នុងប្រទេសម៉ាឡេស៊ី ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លង COVID-19។

លោកស្រី Marsudi តាមរយៈការស្រង់សម្ដីដោយសារព័ត៌មាន Jakarta Post បានឱ្យដឹងដូច្នេះថា៖‍ «នៅក្នុងចំណោមសមាជិកនាវិកនៅលើកប៉ាល់ Westerdam ក៏មានពលរដ្ឋឥណ្ឌូណេស៊ីជាច្រើននាក់ផងដែរ ហើយនៅពេលកប៉ាល់នេះចូលចត ពួកគេត្រូវបានគេពិនិត្យឃើញថាមានសុខភាពល្អធម្មតា»។ លោកស្រីបន្ថែមថា ពលរដ្ឋឥណ្ឌូណេស៊ី ២៧នាក់ បានត្រឡប់មកកាន់ប្រទេសកំណើតវិញ ខណៈកិច្ចសន្យារបស់ពួកគេអស់សុពលភាព។ ពោលគឺដំបូងឡើយ ពលរដ្ឋឥណ្ឌូណេស៊ី ៦០នាក់ គ្រោងនឹងត្រឡប់មកកាន់ប្រទេសឥណ្ឌូណេស៊ីវិញ បន្ទាប់ពីកិច្ចសន្យាការងារត្រូវបញ្ចប់ ប៉ុន្តែអ្នកខ្លះក្នុងចំណោមពួកគេបានសម្រេចចិត្តបន្តកិច្ចសន្យាទៀត ជាហេតុធ្វើឱ្យមានពលរដ្ឋតែ២៧នាក់ប៉ុណ្ណោះ បានត្រឡប់មកស្រុកកំណើតវិញ។

គួរបញ្ជាក់ថា បើតាមលោកស្រី Retno Marsudi មនុស្សទាំង២៧នាក់ ដែលបានត្រឡប់ទៅកាន់ប្រទេសឥណ្ឌូណេស៊ីវិញ គឺមានសុខភាពល្អធម្មតា ខណៈ មកទល់ពេលនេះ ឥណ្ឌូណេស៊ីមានទាន់មានសេចក្ដីរាយការណ៍ពីករណីឆ្លង COVID-19 នោះទេ។ កប៉ាល់ Westerdam ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America Line មានផ្ទុកអ្នកដំណើរ១,៤៥៥នាក់ និងនាវិក៨០២នាក់ បានចូលចតនៅឯកំពង់ផែខេត្តព្រះសីហនុ កាលពីសប្ដាហ៍មុន ក្រោយប្រទេស ចំនួន៥ បដិសេធ៕