(ប៉េកាំង)៖ ស្ថានីយទូរទស្សន៍រដ្ឋចិន បានអះអាងថា ប្រធានមន្ទីរពេទ្យធំមួយនៅទីក្រុង Wuhan នៃប្រទេសចិន ដែលជាចំណុចកណ្តាលនៃ ការរីករាលដាលជំងឺ COVID-19 ទើបតែបានបាត់បង់ជីវិតដោយសារតែជំងឺដ៏កាចសាហាវនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមប្រភពខាងលើ លោក Liu Zhiming ដែលជាប្រធានមន្ទីរពេទ្យឈ្មោះថា Wuchang ក្នុងទីក្រុង Wuhan បានស្លាប់ដោយសារជំងឺ COVID-19 កាលពីវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃអង្គារនេះ។ វាគឺជាករណីទីពីរហើយ ដែលវេជ្ជបណ្ឌិតរបស់ចិនបានបាត់បង់ជីវិតព្រោះ តែជំងឺនេះ។ កាលពីដើមខែកុម្ភៈនេះ វេជ្ជបណ្ឌិតចិនម្នាក់ទៀតឈ្មោះ Li Wenliang ក៏បានស្លាប់ដោយសារជំងឺ COVID-19 ដែរ ដោយ លោក ជា បុគ្គល ដែលបានចេញមុខព្រមានដំបូងគេ អំពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី។

គួរជម្រាបថា ក្រុមគ្រូពេទ្យនៅប្រទេសចិន ជាពិសេសនៅក្នុងទីក្រុង Wuhan ក៏ដូចជាក្នុងខេត្ត Hubei ផ្ទាល់ បាននិងកំពុងខិតខំប្រឹងប្រែង ជា ខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ដែលមកទល់ពេលនេះ បានផ្តាច់ជីវិតមនុស្សលើសពី១,៨០០នាក់ហើយនៅចិន និងឆ្លងដល់ ជាង៧២,៥០០នាក់។ ជាមួយគ្នានោះ បុគ្គលិកសុខាភិបាលចិនប្រមាណ១,៧១៦នាក់បានឆ្លង ហើយមួយចំនួនបានស្លាប់ដោយសារជំងឺនេះ៕