(ហ្សឺណេវ)៖ លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) ប្រធានអង្គការសុខភាពពិភពលោក (WHO) បានសម្តែងការគោរពដល់គិលានុបដ្ឋាយិកា ដែលកំពុងធ្វើការនៅតំបន់ជួរមុខ ក្នុងការប្រយុទ្ធប្រឆាំងនឹងរីករាលដាលវីរុសកូរ៉ូណាថ្មី ឬ COVID-19 ដោយលោកបានសង្កត់ធ្ងន់ថា ពិភពលោកពេលនេះត្រូវតែបង្ហាញពីសាមគ្គីភាពជាមួយពួកគេ ឲ្យខ្លាំងបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ជុំវិញការចែករំលែកបន្តនូវវីដេអូមួយ ដែលបង្ហាញអំពីរឿងរ៉ាវនៃគិលានុបដ្ឋាយិកា០៦រូប មើលថែទាំកុមារ០២នាក់ ដែលឪពុកម្តាយរបស់ពួកគេបានឆ្លងវីរុសកូរ៉ូណា ឬ COVID-19 ប្រធានអង្គការសុខភាពពិភពលោករូបនេះបាននិយាយថា បុគ្គលិកសុខាភិបាលទាំងអស់ រួមទាំងគិលានុបដ្ឋាយិកាផងដែរ គឺកំពុងទទួលបន្ទុកដ៏ធំបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលវីរុសកូរ៉ូណា COVID-19 ។

លោក Tedros បាននិយាយយ៉ាងដូច្នេះថា «វីដេអូដ៏រំជួលចិត្តនេះ វាបានបង្ហាញពីការខិតខំប្រឹងប្រែង និងក្តីស្រលាញ់របស់គិលានុបដ្ឋាយិកា ដែលកំពុងវិនិយោគក្នុងការងាររបស់ពួកគេ ដើម្បីជួយសង្គ្រោះអាយុជីវិត។ ឆ្នាំនេះវាសំខាន់ជាងពេលណាៗទាំងអស់ ដែលយើងត្រូវបង្ហាញពីសាមគ្គីភាព និងការគាំទ្រដល់គិលានុបដ្ឋាយិកា និងពេទ្យឆ្មប»

លោកបានបន្ថែមថា «យើងសូមអំពាវនាវដល់ប្រទេសទាំងអស់ ឲ្យវិនិយោគលើផ្នែកគិលានុបដ្ឋាយិកា និងពេទ្យឆ្មបដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ដើម្បីបង្កើនការធានារ៉ាប់រងសុខភាពជាសកល»។ គួរបញ្ជាក់ថា សន្និបាតសុខភាពពិភពលោកបានកំណត់យកឆ្នាំ២០២០ ជាឆ្នាំគិលានុបដ្ឋាយិកា និងឆ្មបអន្តរជាតិ៕