(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានជំរុញឱ្យបណ្ដាប្រទេសទាំងអស់នៅលើពិភពលោក បង្ហាញសាមគ្គីភាព ក្នុងការប្រឈមុខនឹងជំងឺឆ្លង COVID-19 ហើយបញ្ជៀសឱ្យបាននូវការប្រមាថ, ការរើសអើង និងការកេងចំណេញផលប្រយោជន៍ ពីអ្នកដែលបានឆ្លងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនាដើមសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំនួរថា តើគេគួរតែបង្កើនការប្រុងយ័ត្ន ឬក៏កុំឱ្យកប៉ាល់ដឹកដំណើរចូលចតតាមកំពង់ផែនានា ដោយសារតែព្រួយបារម្ភពីការឆ្លង COVID-19 ដូចជាកប៉ាល់ Diamond Princess ដែរ ឬក៏យ៉ាងណា? មន្ត្រីជាន់ខ្ពស់មួយរូបនៃអង្គការ WHO លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) បានបញ្ជាក់យ៉ាងដូច្នេះថា «វាមិនអាចទៅរួចទេ ក្នុងការកាត់បន្ថយហានិភ័យនៃរឿងអ្វីមួយឱ្យដល់សូន្យ... ប៉ុន្តែអ្វីដែលយើងត្រូវធ្វើ នោះគឺដឹងឱ្យច្បាស់ពីអ្វីដែលកំពុងកើតឡើង ហើយត្រូវបង្ហាញសាមគ្គីភាព ដើម្បីបញ្ជៀសការរើសអើង ការប្រមាថ និងការកេងចំណេញប្រយោជន៍ ពីអ្នកឆ្លងជំងឺ COVID-19»

លោក Michael Ryan បន្ថែមថា សាធារណជនគួរតែតាមដានសកម្មភាពរបស់ WHO ហើយត្រូវតែធ្វើការវិនិច្ឆ័យ ដោយផ្អែកលើមូលដ្ឋានសុខាភិបាលសាធារណ និងភស្ដុតាងសមហេតុសមផល៕