(សាន់ហ្រ្វាន់ស៊ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Apple នាដើ មសប្តាហ៍នេះបានប្រកាសថា ខ្លួននឹងមិនអាចសម្រេចបាននូវប្រាក់ចំណូល តាមការព្យាករណ៍សម្រាប់ត្រីមាសនេះឡើយ ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺឆ្លង COVID-19 ដែលបានប៉ះពាល់ដល់ការផលិត iPhone និងតម្រូវការនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំមួយរបស់ខ្លួន។ នេះបើតាមការ ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងសេចក្តីថ្លែងការណ៍មួយ ទៅកាន់ក្រុមវិនិយោគិនរបស់ខ្លួន Apple បានគូសបញ្ជាក់ថា រោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន ទើបតែបានចាប់ផ្តើមបើកធ្វើប្រតិបត្តិការឡើងវិញជាបណ្តើរៗ ប៉ុន្តែវាហាក់មានសន្ទុះយឺតយ៉ាវជាងការរំពឹងទុក។ បើតាមក្រុមហ៊ុន Apple ប្រការនេះនឹងធ្វើឲ្យប៉ះពាល់ជាបណ្តោះអាសន្ន ទៅលើការរកប្រាក់ចំណូលរបស់ Apple នៅជុំវិញពិភពលោកព្រោះតែការផលិត iPhone មិនទាន់តាមតម្រូវការ។

ជាមួយគ្នានេះ Apple បានបន្តទៀតថា ការដាក់កំហិតលើហាងនានា ដែលជាវិធានការទប់ស្កាត់រាតត្បាតនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 ក៏បានប៉ះពាល់ដល់ការលក់ផលិតផល នៅក្នុងប្រទេសចិនផងដែរ ដោយហាងភាគច្រើនរបស់ខ្លួនត្រូវបានបិទទ្វារ ឬមួយក៏កាត់បន្ថយម៉ោងបើកលក់។

គួរជម្រាបថា កាលពីខែមករាកន្លងទៅ ក្រុមហ៊ុន Apple បានព្យាករណ៍ថា ខ្លួននឹងរកប្រាក់ចំណូលបានចន្លោះ ៦៣-៦៧ពាន់លានដុល្លារ សម្រាប់ត្រីមាសដំបូងនៃឆ្នាំ២០២០នេះ៕