(ហ្សឺណែវ)៖ ប្រធានអង្គការសុខភាពពិភពលោក WHO លោក ថេដ្រូស អាដាណម ហ្គេប្រេយេសឹស (Tedros Adhanom Ghebreyesus) បាននិយាយថា COVID-19 អាចបង្កជាជំងឺស្រាលតែប៉ុណ្ណោះដល់អ្នកជំងឺ ៨០ភាគរយ ដែលបានឆ្លងវាចូលទៅក្នុងខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

លោក Tedros ធ្វើការកត់សម្គាល់ដូចខាងលើ នាឱកាសធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះជាមួយការបញ្ជាក់បន្ថែមថា អ្នកជំងឺ COVID-19 ប្រមាណ ១៤ភាគរយ មានស្ថានភាពធ្ងន់ធ្ងរដូចជារលាកសួតជាដើម ហើយមិនតែប៉ុណ្ណោះករណីឆ្លងទៅកុមារ គឺមានអត្រាតិចតួច។ ទោះបីជាបែបនេះក្តី ប្រធាន WHO រូបនេះបានបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវនៅតែបន្តការសិក្សាបន្ថែមទៀត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ។

បើតាមអង្គការ WHO ជាមួយអត្រាមរណ ២ភាគរយ COVID-19 គឺបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សមិនខ្លាំងដូចជាជំងឺ SARS ឬជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា (MERS)នោះទេ បើទោះជាចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅក្នុងប្រទេសចិន កើនលើសចំនួនអ្នកស្លាប់ដោយជំងឺ SARS ក៏ដោយ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះចំនួនមនុស្សដែលបាត់បង់ជីវិត ដោយសារ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៨៦៨នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧២,៥០០នាក់។ ក្នុងចំណោមមនុស្សឆ្លង COVID-19 ទាំងអស់ខាងលើនេះ ១២,៥៥២នាក់បានជាសះស្បើយ និងត្រឡប់ទៅផ្ទះពួកគេវិញ៕