(ប៉េកាំង)៖ គណៈកម្មការសុខាភិបាលចិនបានរាយការណ៍ឲ្យដឹងថា ករណីឆ្លងវីរុស COVID-19 ឬកូរ៉ូណាថ្មី នៅតំបន់នានាក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនថមថយជាបន្តបន្ទាប់ នៅក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ គិតចាប់តាំងពីថ្ងៃទី០៣ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមទិន្នន័យផ្លូវការរបស់អាជ្ញាធរចិនឲ្យដឹងថា ករណីឆ្លងថ្មីៗនៃវីរុស COVID-19 នៅតាមបណ្តាខេត្ត និងតំបន់ស្វយ័តនានាក្រៅពីខេត្តហ៊ូប៉ី ដែលជាចំណុចស្នូលនៃការផ្ទុះនោះ មានចំនួនត្រឹមតែ ៧៩ករណីប៉ុណ្ណោះក្នុងពេលពេញមួយថ្ងៃចន្ទម្សិលមិញ ខណៈនៅខេត្តហ៊ូប៉ី កាលពីថ្ងៃដដែលមានករណីឆ្លងថ្មីៗរហូតដល់ ១,៨០៧ករណី។

គួរជម្រាប់ជូនថា បើតាមតួលេខចុងក្រោយបញ្ចេញដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ជិត ១,៨៦៨នាក់ ខណៈ ៧២,៤៣៦នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ក្នុងចំណោមមនុស្សឆ្លងទាំងអស់នោះ មនុស្សសរុប ១២,៥៥២នាក់ក៏បានជាសះស្បើយ និងត្រឡប់ទៅផ្ទះពួកគេវិញផងដែរ៕