(ឡាវ)៖ ក្រសួងថាមពល និងរ៉ែ នៃប្រទេសឡាវ បានជូនដំណឹងដល់ប្រជាជន, បណ្ដាសហគ្រាស និងបុគ្គលិករដ្ឋទាំងអស់ថា ខ្លួននឹងចាត់វិធានការចាំបាច់នានាដើម្បីសន្សំសំចៃ ថាមពលអគ្គិសនី កំឡុងតម្រូវការប្រើប្រាស់កើនឡើងខ្ពស់ចាប់ពីខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២០នេះ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Vientiane Times នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមក្រសួងថាមពល និងរ៉ែ របស់ឡាវ ការិយាល័យ រោងចក្រ សហគ្រាស ការដ្ឋានសាងសង់នានា និងអង្គភាពទាំងអស់ ត្រូវបានផ្ដល់យោបល់ឱ្យប្រើប្រាស់អគ្គសនីសន្សំសំចៃ នៅចន្លោះពីម៉ោង១រសៀល រហូតដល់ម៉ោង១១យប់ ដោយសារតែការផលិត និងការផ្គត់ផ្គង់ថាមពលអគ្គិសនី អាចនឹងមានការខ្វះខាត។ ជាក់ស្ដែងអាជ្ញាធរអគ្គិសនីឡាវ កាលពីថ្ងៃទី១០ ខែកុម្ភៈ ក៏បានឱ្យដឹងដែរថា ការផ្គត់ផ្គង់អគ្គិសនីអាចនឹងមានការខ្វះខាត នៅតាមតំបន់មួយចំនួន កំឡុងតម្រូវការប្រើប្រាស់កើនឡើងខ្ពស់ ជាពិសេសនៅរដូវប្រាំងខាងមុខនេះ។

ដោយឡែកក្រៅតែពីអំពាវនាវដល់បណ្ដាក្រុមហ៊ុន និងសហគ្រាសនានា ក្រសួងថាមពល និងរ៉ែ ឡាវ ក៏បានជំរុញផងដែរឱ្យប្រជាជនឡាវទាំងអស់ប្រើប្រាស់អគ្គិសនី ដោយសន្សំសំចៃ ក៏ដូចជាកាត់បន្ថយការប្រើប្រាស់ បើសិនជាមិនមានភាពចាំបាច់៕