(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុននាថ្ងៃចន្ទនេះ បានប្រកាសឲ្យដឹងថា មនុស្ស៩៩នាក់ផ្សេងទៀតនៅលើកប៉ាល់ Diamond Princess ត្រូវ បានធ្វើតេស្តរកឃើញថា ឆ្លងជំងឺ COVID-19 ដែលប្រការនេះធ្វើឲ្យករណីសរុបកើនដល់៤៥៤នាក់ហើយ។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន NHK នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលជប៉ុន ក្នុងចំណោមអ្នកឆ្លងជិត១០០នាក់ថ្មីនោះ មាន៨៥នាក់ជាអ្នកដំណើរ និង១៤នាក់ ជាបុគ្គលិកបម្រើការងាររបស់កប៉ាល់ផ្ទាល់។ បូកជាមួយតួលេខនេះ ចំនួនមនុស្សដែលឆ្លងជំងឺ COVID-19 នៅលើកប៉ាល់ទេសចរណ៍ខ្នាតធំ Diamond Princess ដែលកំពុងតែស្ថិតនៅក្បែរកំពង់ផែទីក្រុង Yokohama ដែលនៅមិនឆ្ងាយប៉ុន្មានពីទីក្រុងតូក្យូនោះ បានកើនឡើងដល់ ៤៥៤ នាក់ហើយ ដោយក្នុងនោះមានជាតិសាសន៍ចម្រុះ។

គួរជម្រាបថា នៅថ្ងៃចន្ទនេះ ក្នុងចំណោមពលរដ្ឋអាមេរិកប្រមាណ៣៨០នាក់ ដែលត្រូវបានជម្លៀសចេញពីក្នុងកប៉ាល់ទេសចរណ៍ខាងលើ ហើយដឹកតាមជើងហោះហើរពិសេសទៅកាន់ សហរដ្ឋអាមេរិក ក៏មាន១៤នាក់ឆ្លងជំងឺ COVID-19 ផងដែរ។ កប៉ាល់ Diamond Princess ត្រូវបានដាក់ឲ្យស្ថិតក្រោមការតាមដាន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃពុធសប្តាហ៍នេះ៕