(ហាណូយ)៖ ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam បានស្តីបន្ទោសឲ្យអាជ្ញាធរខេត្ត Quang Ninh ដែលកាលពីសប្តាហ៍មុននេះ បានបដិសេធចំពោះការចូលចតរបស់កប៉ាល់ទេសចរណ៍អឺរ៉ុបមួយគ្រឿងនៅក្រុង Ha Long ភាគខាងជើងប្រទេសវៀតណាម។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន VN Express នៅថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

កប៉ាល់ទេសចរណ៍មួយគ្រឿងដឹកភ្ញៀវទេសចរណ៍អឺរ៉ុបជាង១,០០០នាក់ ប្រើទង់ជាតិអ៉ីតាលី និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាល្លឺម៉ង់ AIDA Cruises បានគ្រោងនឹងចូលចតនៅទីក្រុង Ha Long នៃខេត្ត Quang Ninh កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅ ក៏ប៉ុន្តែត្រូវបានបដិសេធ ដោយសារតែអាជ្ញាធរខេត្ត Quang Ninh ខ្លាចមានអ្នកផ្ទុកជំងឺ COVID-19 នៅលើនោះ។

លោក Dam បានគូសបញ្ជាក់ថា ដ្បិតអាជ្ញាធរត្រូវអនុវត្តវិធានការការពារការឆ្លងរាលដាលជំងឺ COVID-19 ដោយតឹងរ៉ឹង ទៅលើយានជិនិះ នឹងអ្នកដំណើរបរទេសក៏ដោយ ពួកគេត្រូវតែធានាឲ្យបានថា ការអនុវត្តវិធានការទាំងនោះ មិនប៉ះពាល់ដល់វិស័យទេសចរណ៍និងធុរកិច្ច ឡើយ ហើយលោកបានព្រមានអាជ្ញាធរនៅតាមតំបន់ដទៃៗទៀតថា កុំឲ្យមានរឿងបែបនេះកើតឡើងទៀតឲ្យសោះ។

គួរជម្រាបថា ក្រោយអាជ្ញាធរខេត្ត Quang Ninh របស់វៀតណាម បដិសេធមិនឲ្យចូល កប៉ាល់ទេសចរណ៍ខាងលើដែលមានឈ្មោះថា Aida Vita បានសម្រេចចិត្តលុបចោលគម្រោងដំណើរកម្សាន្តនៅក្នុងប្រទេសវៀតណាមទាំងមូល គឺមានការគ្រោងទៅកាន់ទីក្រុងមួយចំនួនទៀត រួមមាន Da Nang, Nha Trang និងហូជីមិញ ជាដើម។ ប្រធានក្រុមហ៊ុនទេសចរណ៍ដ៏ល្បីមួយរបស់វៀតណាម បានលើកឡើងថា វាគឺជា ការ ខាតបង់ធំមួយ ហើយអាចធ្វើឲ្យខូចមុខមាត់វិស័យទេសចរណ៍របស់ប្រទេសវៀតណាមថែមទៀតផងដែរ។

អ្នកដំណើរនៅលើកប៉ាល់ទេសចរណ៍ Aida Vita សុទ្ធសឹងជាជនជាតិអាល្លឺម៉ង់ទាំងអស់ ហើយពុំមានជនជាតិអាស៉ីនោះទេ។ កប៉ាល់នេះ បាន ចាកចេញពីកោះបាលីប្រទេសឥណ្ឌូណេស៉ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ និងបានចូលចតកំពង់ផែចំនួន០៩ ប៉ុន្តែមិនមានប្រទេសចិន ដែលជាកន្លែងផ្ទុះខ្លាំងនៃជំងឺ COVID-19 ឡើយ។ ក្រោយត្រូវវៀតណាមបដិសេធ កប៉ាល់ទេសចរណ៍ Aida Vita បានចូលចតនៅទីក្រុង Laem Chabang ប្រទេសថៃ កាលពីយប់ថ្ងៃសុក្រ៕