(ប៉េកាំង)៖ ក្រសួងសុខាភិបាលចិននាថ្ងៃចន្ទនេះបានឲ្យដឹងថា ចំនួនករណីឆ្លងថ្មីៗនៃវីរុស COVID-19 នៅក្រៅខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចកណ្តាល នៃការផ្ទុះរាលដាលជំងឺនេះនៅតែបន្តធ្លាក់ចុះ ដោយគិតមកទល់ពេលនេះគឺ ១៣ថ្ងៃជាប់ៗគ្នាហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងថ្ងៃអាទិត្យម្សិលមិញករណីថ្មីៗនៃអ្នកឆ្លងជំងឺ COVID-19 នៅតាមខេត្ត និងតំបន់ស្វយ័តចំនួន ៣០ ទៀតរបស់ចិន (មិនរាប់ហុងកុង ម៉ាកាវ និងតៃវ៉ាន់) មានចំនួន ១១៥នាក់ ដែលនេះជាការធ្លាក់ចុះគួរឲ្យកត់សម្គាល់ បើធៀបទៅនឹង ៨៩០ករណី កាលពីថ្ងៃទី០៣ ខែកុម្ភៈ និង ១១៦ករណីកាលពីថ្ងៃទី១៥ ខែកុម្ភៈ។ សម្រាប់នៅក្នុងខេត្ត Hubei វិញកាលពីថ្ងៃអាទិត្យ មានការរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១,៩៣៣នាក់ ដែលធ្វើឲ្យចំនួនករណីសរុបនៃអ្នកឆ្លងជំងឺ COVID-19 នៅក្នុងខេត្តនេះកើនដល់ ៥៨,១៨២នាក់តែឯងប៉ុណ្ណោះ។

គួរជម្រាបថា បើតាមតួលេខចុងក្រោយពីអាជ្ញាធរចិន មនុស្សសរុបចំនួន ១,៧៧០នាក់ បានស្លាប់ដោយសារជំងឺ COVID-19 ហើយករណីឆ្លងបានកើនដល់ ៧០,៥៤៨នាក់ នៅទូទាំងខេត្តនិងតំបន់ស្វយ័តទាំង៣១ នៅក្នុងប្រទេសចិន។ ទន្ទឹមគ្នានេះអ្នកជំងឺសរុបកើនដល់ ១០,៨៤៤នាក់បានជាសះស្បើយឡើងវិញ ក្រោយ ១,៤២៥នាក់បន្ថែមទៀតទើបតែបានចាកចេញពីមន្ទីរពេទ្យ កាលពីអាទិត្យម្សិលមិញ៕