(តូក្យូ)៖ អាជ្ញាធរជប៉ុនបាននិយាយថា ខ្លួននឹងលុបចោលការប្រមូលផ្ដុំជាសាធារណៈមួយ ដែលគ្រោងប្រារព្ធពិធីអបអរសាទរខួបចម្រើនព្រះជន្ម នៃព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) ដោយសារតែការព្រួយបារម្ភពីការរីរាលដាល នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទនេះ ទីភ្នាក់ងាររដ្ឋាភិបាលជប៉ុន ទទួលបន្ទុកកិច្ចការរាជវាំងបានបញ្ជាក់ដូច្នេះថា «ដោយមើលឃើញពីស្ថានភាពផ្សេងៗគ្នា យើងបានសម្រេចចិត្តលុបចោលការធ្វើដំណើរ របស់សាធារណជនមកកាន់ព្រះបរមរាជវាំង ដើម្បីជូនពរ និងអបអរសាទរថ្ងៃខួបចម្រើនព្រះជន្មរបស់ព្រះចៅអធិរាជ»។ សេចក្ដីថ្លែងការណ៍ខាងលើនេះ ចេញផ្សាយតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលជប៉ុន បានណែនាំប្រជាជនឱ្យជៀសវាងការជួបជុំ ឬការប្រមូលផ្ដុំគ្នានៅតាមទីសាធារណៈ ដែលមិនមានភាពចាំបាច់។

គួរជម្រាបថា ខួបចម្រើនព្រះជន្មឈានចូល ៦០ព្រះវស្សានៃព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (Naruhito) នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈខាងមុខនេះ ដែលជាការអបអរសាទរ នាឱកាសចម្រើនព្រះជន្មជាលើកដំបូងរបស់ទ្រង់ ចាប់តាំងពីការឡើងគ្រងរាជ្យសម្បតិ្តកាលពីឆ្នាំ២០១៩ មក។ ម្យ៉ាងវិញទៀត វាក៏នឹងក្លាយជាការលុបចោលពិធីជួបជុំ សាធារណៈអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះចៅអធិរាជជប៉ុនផងដែរ ដោយការលុបចោលពិធីបែបនេះ លើកចុងក្រោយបំផុតធ្វើឡើងនៅក្នុងឆ្នាំ១៩៩៦ កំឡុងវិបត្តិចាប់ជំរិតមនុស្សជាចំណាប់ខ្មាំង នៅឯស្ថានទូតជប៉ុនប្រចាំប្រទេសប៉េរូ។

បច្ចុប្បន្នមនុស្ស ៤១៤នាក់ក្នុងនោះមានទាំង ៣៥៧នាក់នៅលើកប៉ាល់ ដាយមិនដ៍ ព្រីនសេស (Diamond Princess) ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងវីរុសកូរ៉ូណា ក្នុងនោះម្នាក់បានស្លាប់៕