(យ៉ូកូហាម៉ា)៖ មន្ត្រីរដ្ឋាភិបាលអាមេរិកបានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ជនជាតិអាមេរិកចំនួន ៤៤នាក់ ក្នុងចំណោមជាង ៤០០នាក់ ដែលស្ថិតនៅលើនាវាទេសចរណ៍ ដាយមិនដ៍ ព្រីសេស (Diamond Princess) នៅប្រទេសជប៉ុន បានឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 ខណៈជនជាតិអាមេរិកកាំងផ្សេងទៀត ត្រូវបានគេជម្លៀសឲ្យធ្វើដំណើរទៅផ្ទះរាងៗខ្លួន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមវេជ្ជបណ្ឌិត អាន់ថូនី ហ្វូស៊ី (Anthony Fauci) នាយកវិទ្យាស្ថានជាតិការពារជំងឺឆ្លងនៅសហរដ្ឋអាមេរិក បានបញ្ជាក់យ៉ាងដូច្នេះថា «ជនជាតិអាមេរិកទាំង ៤០នាក់ ដែលបានឆ្លងវីរុសកូរ៉ាណា COVID-19 នៅលើនាវា Diamond Princess ត្រូវបានគេដាក់ឲ្យនៅព្យាបាលនៅប្រទេសជប៉ុនតែម្តង ខណៈផែនការជម្លៀសពលរដ្ឋអាមេរិកផ្សេងទៀតឲ្យត្រឡប់ទៅផ្ទះវិញ ក៏កំពុងតែដំណើរការហើយដែរ»

ការជម្លៀស និងរកឃើញករណីថ្មីនៃការឆ្លងវីរុសនេះ គឺបានកើតឡើងស្របពេលជាមួយ ការព្រមានបន្ថែមពីអាជ្ញាធរជប៉ុន ជុំវិញការផ្ទុះឡើងនៃការឆ្លងនៃវីរុស COVID-19 កាន់តែអាក្រក់ឡើង ដោយបានជំរុញឲ្យពលរដ្ឋរបស់ខ្លួន ជៀសឆ្ងាយពីទីប្រជុំជនមានមនុស្សកកកុញ និងការជួបជុំគ្នាដែលមិនចាំបាច់។

គួរជម្រាបថា រហូតមកដល់ឥឡូវនេះចំនួនករណីឆ្លងវីរុស COVID-19 សរុបនៅលើនាវាទេសចរណ៍ ដែលមានឈ្មោះថា TDiamond Princess មានចំនួន ៣៥៥ ករណីហើយ ក្នុងចំណោមមនុស្សជិះនៅលើនោះទាំងអស់ ៣,៧០០នាក់។ នាវាទេសចរណ៍នេះត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេរយៈពេល ១៤ថ្ងៃ ចាប់តាំងពីថ្ងៃទី ០៣ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីត្រូវបានគេរកឃើញថា អ្នកដំណើរមកពីហុងកុងម្នាក់ ដែលធ្លាប់មានវត្តមាននៅលើនាវានោះ បានឆ្លងវីរុស COVID-19៕