(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ១០,៨៤៤នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមគណៈកម្មការសុខាភិបាលជាតិចិនបានបញ្ជាក់ថា ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ១,៤២៥នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងដល់ ១០,៨៤៤នាក់ដូចខាងលើ។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ជិត ១,៧៧០នាក់ ខណៈ ៧០,៥៤៨នាក់ឆ្លងនៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ ក្រុមជំនាញវេជ្ជសាស្ត្ររាប់ពាន់នាក់ ថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យជាច្រើនសិបតោនទៀត ត្រូវបានដឹកជញ្ជូនបន្ថែមទៀតទៅខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan) ដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រយុទ្ធនឹងវីរុស COVID-19៕