(ប៉េកាំង)៖ អ្នកជំងឺសរុប៩,៤១៩នាក់ដែលឆ្លងវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអាទិត្យ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់គណៈកម្មការសុខាភិបាលជាតិចិន (ក្រសួងសុខាភិបាលប្រទេសចិន) សម្រាប់ថ្ងៃអាទិត្យនេះ មនុស្សចំនួន១,៣២៣នាក់ទៀត កាលពីថ្ងៃសៅរ៍ម្សិលមិញ បានចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីជំងឺ ដែលបង្កឡើងដោយ វីរុស COVID-19។

គួរជម្រាបថា បើតាមរបាយការណ៍ខាងលើដដែល គិតត្រឹមថ្ងៃសៅរ៍ម្សិលមិញ មនុស្សសរុប១,៦៦៥នាក់បានស្លាប់ដោយសារវីរុស COVID-19 ហើយ៦៨,៥០០នាក់បានឆ្លងវីរុសនេះ នៅតាមខេត្ត-តំបន់ស្វយ័តចំនួន៣១របស់ប្រទេសចិន គឺទូទាំងតំបន់ចិនដីគោក ទាំងមូល (មិនគិតហុងកុង ម៉ាកាវ និងតៃវ៉ាន់)៕