(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាននិយាយថាលោក ដូណាល់ ត្រាំ ពិតជាសក្តិសមជាប់ឆ្នោតមួយអាណត្តិទៀត ជាមួយការកោតសរសើរ ប្រតិកម្មរបស់ប្រធានាធិបតីអាមេរិករូបនេះ ទៅនឹងការសម្រេចចិត្តរបស់លោក ក្នុងការលុបចោលកិច្ចព្រមព្រៀងយោធាជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធកន្លងទៅ បានអះអាងថា លោកមិនបារម្ភចំពោះការសម្រេចចិត្តរ បស់លោក ឌូតឺតេ ដែលប្រកាសលុបចោលកិច្ចព្រមព្រៀង (VFA) នោះទេ ហើយថែមទាំងថា ការសម្រេចចិត្តនេះនឹងជួយសន្សំសំច្ចៃប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ឱ្យសហរដ្ឋអាមេរិកទៀតផង បើទោះជារដ្ឋមន្ត្រីការពារ ជាតិរបស់លោក គឺលោក Mark Esper ចាត់ទុកថាវាជារឿងគួរឱ្យសោកស្ដាយក៏ដោយ។

ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ត្រាំ លោក ឌូតឺតេ តាមរយៈអ្នកនាំពាក្យវិមានប្រធានាធិបតីហ្វីលីពីន លោក Salvador Panelo បានគូសបញ្ជាក់នៅក្នុង សេក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ដូច្នេះថា៖ «វាគឺជាប្រតិកម្មប្រកបដោយការប្រុងប្រយ័ត្ន និងមានការវិនិច្ឆ័យល្អ ទៅនឹងការលុបចោលកិច្ចព្រមព្រៀង VFA...ការកត់សម្គាល់បែបនេះធ្វើឱ្យលោកប្រធានាធិបតី ឌូតឺតេ យល់ថាលោក ដូណាល់ ត្រាំ គឺជាប្រធានាធិបតីដ៏ល្អម្នាក់ និងសក្តិសមជាប់ឆ្នោតមួយអាណត្តិទៀត»។

គួរជម្រាបថា ការសម្រេចចិត្តលុបចោលកិច្ចព្រមព្រៀងយោធា VFA ពីសំណាក់លោក ឌូតឺតេ ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បដិសេធផ្ដល់ទិដ្ឋាការចូល សហរដ្ឋអាមេរិក សម្រាប់អតីតអគ្គមេបញ្ជាការប៉ូលិសជាតិហ្វីលីពីនម្នាក់ ដែលជាមនុស្សជំនិតរបស់លោកប្រធានាធិបតីហ្វីលីពីន៕