(ហាណូយ)៖ កប៉ាល់ទេសចរណ៍មួយគ្រឿងមានដឹកភ្ញៀវទេសចរអឺរ៉ុបជាង ១,១០០នាក់ ត្រូវបានអាជ្ញាធរវៀតណាមបដិសេធមិនទទួលឲ្យចូលចតឡើយ ដោយសារតែការភ័យខ្លាចចំពោះវីរុស COVID-19 ឬកូរ៉ូណាថ្មី។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីសារព័ត៌មាន VN Express នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០។

កប៉ាល់ខាងលើឈ្មោះថា អេដា វីតា (Aida Vita) ដែលប្រើទង់ជាតិអ៉ីតាលី និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាល្លឺម៉ង់ AIDA Cruises បានគ្រោងនឹងចូលចតនៅកំពង់ផែ កៃឡេន (Cai Lan) ក្នុងក្រុង ហាឡុង (Ha Long) នៃខេត្ត ក្វាងនិញ (Quang Ninh) ភាគខាងជើងប្រទេសវៀតណាម កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ប៉ុន្តែអាជ្ញាធរខេត្ត Quang Ninh បានសម្រេចមិនអនុញ្ញាត ឲ្យកប៉ាល់ទេសចរណ៍នោះចូលចតឡើយ។

កប៉ាល់ Aida Vita បានចាកចេញពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ហើយកន្លងមកនេះបានចូលចតនៅកំពង់ផែសរុបចំនួន ០៩ ប៉ុន្តែវាមិនធ្លាប់ទៅប្រទេសចិនឡើយ ហើយថ្ងៃទី២៧-២៨ ខែមករាកន្លងមក កប៉ាល់ទេសចរណ៍មួយនេះក៏ធ្លាប់បានចូលចតនៅកំពង់ផែ ចាន់ម៉ាយ (Chan May) ក្នុងខេត្ត ធួធានហឺ (Thua Thien-Hue) និងនៅកំពង់ផែទេសចរណ៍អន្តរជាតិ Ha Long ក្នុងខេត្ត Quang Ninh របស់វៀតណាម រួចមកហើយផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នចំនួនករណីឆ្លងវីរុសកូរ៉ូណាថ្មី COVID-19 នៅក្នុងប្រទេសវៀតណាមបានកើនដល់១៦ករណី។ មូលហេតុដែលនាំវៀតណាមឲ្យមានការភ័យខ្លាច ចំពោះកប៉ាល់ទេសចរណ៍ធំៗបែបនេះ គឺដោយសារតែករណីកប៉ាល់ទេសចរណ៍ខ្នាតយក្ស ឈ្មោះថា Diamond Princess នៅឯប្រទេសជប៉ុន ត្រូវបានគេរកឃើញថា មានអ្នកឆ្លងវីរុសកើនដល់ជាង ២០០នាក់ហើយ ខណៈកប៉ាល់ផ្ទុកមនុស្ស ៣,៧០០នាក់នោះកំពុងស្ថិតក្រោមការតាមដាននៅក្បែរទីក្រុង យ៉ូកូហាម៉ា (Yokohama) នៅឡើយ៕