(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិនបានប្រកាសឱ្យដឹងថា អ្នកជំងឺឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 សរុបចំនួន ៥,៩១១នាក់ហើយត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេជាសះស្បើយទាំងស្រុង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃប្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

យោងតាមអ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិចិន លោក មី ហ្វេង (Mi Feng) បានបញ្ជាក់ថា ពេញមួយថ្ងៃពុធម្សិលមិញនេះ មនុស្សចំនួន ១.១៧១នាក់ បន្ថែមទៀតបានចាកចេញពីមន្ទីរពេទ្យ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើង ដល់ជិត ៦,០០០នាក់ដូចខាងលើ។

គួរបញ្ជាក់ថា បើតាមតួលេខចុងក្រោយដោយរដ្ឋាភិបាលចិន ចំនួនអ្នកស្លាប់ដោយសារវីរុស COVID-19 កើនឡើងដល់ ១,៣៦៧នាក់ ខណៈ៥៩.៨០៤នាក់ឆ្លង នៅក្នុងខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ បច្ចុប្បន្នក្រុមជំនាញវេជ្ជសាស្ត្រ ថ្នាំសង្កូវ និងគ្រឿងបរិក្ខាពេទ្យជាច្រើនទៀត កំពុងតែត្រូវដឹកជញ្ជូនជាបន្តបន្ទាប់ទៅខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan)៕