(តូក្យូ)៖ នៅចំពោះមុខការប្រយុទ្ធប្រឆាំងជាមួយវីរុសកូរ៉ូណា COVID-19 ប្រទេសជប៉ុនបានផ្តល់ការគាំទ្រយ៉ាងកក់ក្តៅចំពោះប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

សកម្មភាពជួយជ្រោមជ្រែងដែលជប៉ុន បានផ្តល់ឲ្យចិនក្នុងការប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណា COVID-19 រួមមានតាំងពីប្រអប់ផ្ទុកម៉ាសព្រមទាំង ឧបករណ៍ស្ទង់កម្តៅ ដែលមាន ភ្ជាប់ជាមួយនូវពាក្យពេចន៍ក្នុងខ្លឹមសារជាភាសាចិនប្រកបដោយអត្ថន័យថា «ទោះបីយើងនៅកន្លែងខុសគ្នាក្តី គឺយើងទាំងអស់គ្នាស្ថិតនៅក្រោមមេឃតែ មួយ» ជាដើម។

កាលពីដើមសប្តាហ៍នេះ គណបក្សកាន់អំណាចជប៉ុន LDP ក៏បានសម្រេចកាត់ថវិកាចំនួន៥,០០០យេន (៤៥.៤៣ដុល្លារ) ពីប្រាក់ខែសម្រាប់ ខែមីនារបស់សមាជិកសភាបក្ស LDP ម្នាក់ៗ ហើយយកទៅបរិច្ចាគដើម្បីជួយដល់ចិន នៅចំពោះមុខការវាយប្រហារដោយវីរុសផងដែរ ដោយថវិកាសរុបគឺបានចំនួន០២លានយេន (១៨,១៧០ដុល្លារ)។ អគ្គលេខាធិការបក្ស LDP បានលើកឡើងដូច្នេះថា «សម្រាប់ជប៉ុន នៅពេល មើលឃើញមានការរីករាតត្បាតនៃវីរុស នៅក្នុងប្រទេសចិន គឺប្រៀបដូចជាមើលឃើញអ្នកជិតខាង ឬសាច់ញាតិខ្លួនឯងរងទុក្ខយ៉ាងដូច្នោះ »

កន្លងមកនេះ ទីក្រុងជាច្រើនរបស់ជប៉ុន ក៏បានចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងការបរិច្ចាគម៉ាស សម្លៀកបំពាក់ការពារ និងវ៉ែនតាការពារ រួមជាមួយសារផ្តល់កម្លាំងចិត្តពោរពេញដោយអត្ថន័យ ទៅកាន់បណ្តា ទីក្រុងចិនដែលជាដៃគូរបស់ពួកគេ។ នៅក្នុងប្រទេសជប៉ុនផ្ទាល់ ក៏មាន ការលើកបដាជូនពរលើកទឹកចិត្តដល់ចិន នៅតាមដងផ្លូវថែមទៀតផង។

គួរជម្រាបថា ប្រជាជនចិនជាច្រើន មានក្តីរំភើបជាខ្លាំងដោយសារសកម្មភាពគាំទ្រយ៉ាងកក់ក្តៅទាំងនេះពីជប៉ុន និងបានលើកឡើងថា «មិត្តក្នុងគ្រាអាសន្ន គឺជាមិត្តដ៏ពិតប្រាកដ»