(តូក្យូ)៖ ក្រៅពីមនុស្ស ៣៩នាក់បន្ថែមទៀតនៅលើកប៉ាល់ទេសចរណ៍ ដាយមិនដ៍ព្រីសេស (Diamond Princess) ដែលត្រូវបានធ្វើតេស្ត និងរកឃើញឆ្លងវីរុសកូរ៉ូណាថ្មី Covid-19 នោះ មន្រ្តីជប៉ុនម្នាក់ដែលទទួលបន្ទុកការងារត្រួតពិនិត្យសុខភាពរបស់អ្នកជិះលើនោះ ក៏ត្រូវបានរកឃើញថាឆ្លងផងដែរ ជាហេតុធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនដល់ ១៧៥នាក់។ នេះបើតាមការចេញផ្សាយសារព័ត៌មាន CNA នៅល្ងាចថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។

កប៉ាល់ទេសចរណ៍ Diamond Princess ត្រូវបានដាក់ក្រោមការត្រួតពិនិត្យសម្រាប់រយៈពេល ០២សប្តាហ៍ (នឹងបញ្ចប់នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០) នៅពេលមកដល់ទីក្រុង យ៉ូកូហាម៉ា (Yokohama) របស់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែកុម្ភៈ ក្រោយបុរសវ័យចំណាស់ម្នាក់ ដែលជាអតីតអ្នកដំណើររបស់កប៉ាល់ បានចុះនៅទីក្រុងហុងកុង ហើយត្រូវគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកវីរុស Covid-19។

ក្នុងចំណោមករណីឆ្លងថ្មីទាំង ៣៩នាក់ មាន ១០នាក់ជាបុគ្គលិកកប៉ាល់ និង ២៩នាក់ជាអ្នកដំណើរ។ រីឯមន្រ្តីជប៉ុនខាងលើដែលបានឆ្លងផងដែរនោះ គឺជាអ្នកដែលមានតួនាទីចែកកម្រងសំណួរ ដើម្បីឆែកសុខភាពរបស់អ្នកដំណើរ និងអ្នកបម្រើការងារកប៉ាល់តាំងតែពីថ្ងៃទី០៣ ខែកុម្ភៈមក ខណៈមន្រ្តីម្នាក់នោះបានពាក់ម៉ាស និងស្រោមដៃ ប៉ុន្តែពុំបានស្លៀកឈុតការពារ ឲ្យបានពេញមួយតួខ្លួនឡើយ។

គួរជម្រាបថា នៅលើកប៉ាល់ទេសចរណ៍ Diamond Princess មានមនុស្សសរុបប្រមាណ ៣,៧០០នាក់ ក្នុងនោះមានបុគ្គលិក ១,១០០នាក់ និងអ្នកដំណើរ ២,៦៧០នាក់។ សរុបមកទល់ពេលនេះមនុស្ស ១៧៥នាក់បានឆ្លងវីរុសកូរ៉ូណាថ្មី Covid-19 នៅលើនោះ ខណៈជប៉ុនកំពុងបន្តធ្វើតេស្តជាបន្តបន្ទាប់ទៀត។ កប៉ាល់នេះគ្រប់គ្រងដោយ ក្រុមហ៊ុននាវាទេសចរណ៍ Princess Cruises ដែលមានមូលដ្ឋាននៅ រដ្ឋកាលីហ្វរញ៉ារបស់សហរដ្ឋអាមេរិក ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនធំ ខានីវ៉ល (Carnival Corp)។ ចំណែកកប៉ាល់ទេសចរណ៍ វែស្ទើរដាម (Westerdam) ដែលកំពុងតែលតោលនៅឈូងសមុទ្រថៃជាមួយមនុស្សជាង ២,០០០នាក់ ដោយសារតែប្រទេស និងកោះយ៉ាងតិច ០៦ មិនឲ្យចូលចតព្រោះខ្លាចមានអ្នកឆ្លងវីរុស Covid-19 នោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកប៉ាល់ទេសចរណ៍ Holland America Line ដែលជាបុត្រសម្ព័ន្ធរបស់ Carnival Corp ដូចគ្នា៕