(ប៉េកាំង)៖ សិស្សសាលាមួយចំនួននៅក្នុងប្រទេសចិន ត្រូវបានលើកទឹកចិត្តឱ្យប្រឹងសិក្សា ដោយខ្លួនពួកគេនៅក្នុងផ្ទះវិញ ដើម្បីជាការចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី (2019-nCoV)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

ការសម្រេចចិត្តរៀនសូត្រនៅក្នុងផ្ទះដោយខ្លួនឯង បាននិងកំពុងកើតមានឡើងកាន់តែច្រើន ខណៈសាលារៀនមួយចំនួន នៅទូទាំងប្រទេសចិន បានផ្អាកការបើកថ្នាក់សិក្សាឆមាសថ្មីជាបណ្ដោះអាសន្ន ដោយសារតែព្រួយបារម្ភ ពីការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី។ ការរៀនសូត្រនៅក្នុងផ្ទះដោយខ្លួនឯង ត្រូវធ្វើឡើងតាមមធ្យោបាយផ្សេងៗគ្នា ក្នុងនោះមានដូចជា ការរៀនតាមកម្មវិធីបង្រៀន នៅតាមកញ្ចក់ទូរទស្សន៍ មាតាបិតាជួយបង្រៀនកូនៗបន្ថែម និងតាមបណ្ដាញអ៉ិនធើណិតជាដើម។

គួរជម្រាបថា អាជ្ញាធរចិននៅព្រឹកថ្ងៃអង្គារទី១១ ខែកុម្ភៈ ឆ្នាំ២០២០ នេះបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃ អំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មីឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ១,០១៦នាក់ និងអ្នកឆ្លងជាង ៤២,២០០នាក់៕