(ប៉េកាំង)៖ អាជ្ញាធរចិនបានបញ្ចេញរបាយការណ៍ថ្មីរបស់ខ្លួន នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២០ នេះថា ចំនួនមនុស្សដែលបានជះសះស្បើយពីវីរុសកូរ៉ូណាថ្មី និងចាកចេញពីមន្ទីរពេទ្យនោះមានចំនួនសរុប ៣,២៨១នាក់ហើយ ខណៈកាលពីថ្ងៃអាទិត្យម្សិលមិញនេះ អ្នកជាសះស្បើយរហូតដល់ ៦៣២នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ ក្នុងនោះ ៣៥៦នាក់នៅខេត្តហ៊ូប៉ី (Hubei) និងទីក្រុងវូហាន (Wuhan)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ។

គួរបញ្ជាក់ថា សម្រាប់តួលេខចុងក្រោយ ដែលត្រូវបានបញ្ចេញដោយអាជ្ញាធរចិន នៅព្រឹកថ្ងៃចន្ទនេះមនុស្សសរុប ៩០៨នាក់បានស្លាប់ និង ៤០,១៧១ឆ្លងវីរុសកូរ៉ូណាថ្មី (Coronavirus ឬ 2019-nCoV) នៅតាមបណ្តាខេត្តព្រមទាំងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។ នៅក្នុងទីក្រុង វូហាន (Wuhan) ដែលជាចំណុចផ្ទុះដំបូង និងខ្លាំងបំផុតនៃវីរុសកូរ៉ូណាថ្មីនោះ អាជ្ញាធរកំពុងតែអំពាវនាវឲ្យប្រជាជនដែលសង្ស័យថា ខ្លួនមានផ្ទុកវីរុសកូរ៉ូណាថ្មី ត្រូវតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ និងព្យាបាល៕