(វ៉ាស៊ីនតោន)៖ អវកាសយានិកអាមេរិក លោកស្រី Christina Koch ត្រូវត្រឡប់ចុះពីស្ថានីយអវកាសអន្តរជាតិ ISS មកកាន់ផែនដីវិញ ក្រោយស្នាក់នៅទីនោះអស់រយៈពេលជិត១ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈឆ្នាំ២០២០។

លោកស្រី Koch វ័យ៤១ឆ្នាំ បានឡើងជិះយាន Soyuz របស់រុស្ស៊ី ដែលចតនៅស្ថានីយ ISS ជាមួយអវកាសយានិកពីរនាក់ទៀត ហើយ ចាកចេញមកផ្ទៃផែនដីវិញ ក្រោយការស្នាក់នៅទីនោះបានរយៈពេលសរុប៣២៨ថ្ងៃ។ ការស្ថិត នៅក្នុងស្ថានីយអវកាស ISS បានយូរបែបនេះ ធ្វើឲ្យលោកស្រីបំបែកកំណត់ត្រាចាស់របស់ស្រ្តីអវកាសយានិក NASA ម្នាក់ទៀតគឺលោកស្រី Peggy Whitson។

លោកស្រី Koch ក៏សម្រេចបាននូវជោគជ័យមួយក្នុងការលើកកម្ពស់យេនឌ័រក្នុងវិស័យអវកាសផងដែរ គឺតាមរយៈការចេញបេសកកម្ម បណ្តែតខ្លួននៅទីអវកាស (Spacewalk) ដែលប្រព្រឹត្តទៅដោយអវកាសយានិកជាស្រ្តីសុទ្ធ កាលពីខែតុលា ឆ្នាំ២០១៩ គឺពុំធ្លាប់មានពីមុនមកឡើយ ។ កាលនោះស្រ្តីអវកាសយានិកម្នាក់ទៀតគឺលោកស្រី Jessica Meir។

គួរជម្រាបថា បេសកកម្មរបស់លោកស្រី Koch នឹងផ្តល់ឲ្យក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA នូវព័ត៌មានដ៏មានតម្លៃ ស្តីពីឥទ្ធិពលនៃ ភាពគ្មានកម្លាំងទំនាញ និងវិទ្យុសកម្មពីទីអវកាស អាចមានទៅលើរូបរាងកាយរបស់មនុស្សស្រី កំឡុងការស្នាក់រយៈពេលវែងក្នុងទីអវកាស ។ កន្លងមកតាមរយៈបេសកកម្មរយៈពេល៣៤០ថ្ងៃរបស់អវកាសយានិកអាមេរិក លោក Scott Kelly ទីភ្នាក់ងារអវកាស NASA បានរកឃើញ ឥទ្ធិពលមួយចំនួនដែលការស្នាក់ក្នុងទីអវកាសរយៈពេលយូរ អាចបង្កឡើងលើរូបរាងកាយមនុស្សប្រុស ប៉ុន្តែវាមិនមានការប៉ះពាល់ធ្ងន់ធ្ងរ ខ្លាំងឡើយ៕