(ហ្សាការតា)៖ ប៉ូលិសឥណ្ឌូណេស៊ី បានចាប់ខ្លួនស្ត្រីពីរនាក់ ដោយចោទថាពួកគេបានបង្ហោះ និងចែកចាយព័ត៌មានមិនពិត ជុំវិញវីរុសកូរ៉ូណា នៅលើបណ្ដាញ ទំនាក់ទំនងសង្គម។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមប៉ូលិសឥណ្ឌូណេស៊ី ស្ត្រីទាំងពីរនាក់ខាងលើ ត្រូវបានចាប់ និងឃុំខ្លួននៅក្នុងទីក្រុង Balikpapan នៃកោះ Borneo កាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពី ពួកគេបានបង្ហោះ ព្រមទាំងចែកចាយព័ត៌មានក្លែងក្លាយ នៅលើបណ្ដាញទំនាក់ទំនងសង្គមថា អ្នកស្រុកនៅក្នុងតំបន់ម្នាក់បានឆ្លងវីរុសកូរ៉ូណា និងកំពុងស្ថិត នៅក្រោមការព្យាបាល។ ស្ត្រីទាំងពីរនេះ ដែលម្នាក់ជាកសិករ និងម្នាក់ទៀតជាមេផ្ទះ អាចនឹងប្រឈមមុខជាប់ពន្ធនាគារ៣ឆ្នាំ បើសិនជាត្រូវបានតុលាការ ផ្តន្ទាទោស នៅក្រោមច្បាប់ប្រឆាំងការចែកចាយព័ត៌មានក្លែងក្លាយ។

គួរជម្រាបថា មកទល់ពេលនេះ ឥណ្ឌូណេស៊ី មិនទាន់មានករណីឆ្លងវីរុសកូរ៉ូណានៅឡើយទេ។ ចំនួនអ្នកស្លាប់ ដោយសារវីរុសដ៏កាចសាហាវនេះ បានកើនដល់ ៤២៥នាក់នៅចិនដីគោក និងម្នាក់នៅទីក្រុង ហុងកុង ហើយម្នាក់ទៀតនៅប្រទេសហ្វីលីពីន ខណៈចំនួនអ្នកឆ្លងមានច្រើនជាង ២០,០០០នាក់៕