(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក លោក Wilbur Ross បាននិយាយថា ជំងឺរលាកសួតដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មី អាចជាសញ្ញាវិជ្ជមានមួយ សម្រាប់សេដ្ឋកិច្ចអាមេរិក ខណៈចំនួនអ្នកស្លាប់ដោយសារវីរុសដ៏កាចសាវហាវមួយនេះ បានកើនឡើងដល់២១៣នាក់ និងច្រើនជាង៩,០០០នាក់ទៀត បានឆ្លងវីរុសនេះ នៅក្នុងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

លោក Wilbur Ross ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយ Fox Business News នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹង សំនួរដែលសួរថា តើវីរុសកូរ៉ូណាថ្មី អាចនឹងបង្កហានិភ័យដល់សេដ្ឋកិច្ចអាមេរិកដែរឬទេ។ ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះ បានលើកឡើង ដូច្នេះថា៖ «ខ្ញុំមិនចង់និយាយពីជោគជ័យ ឬការទាញយកប្រយោជន៍ដែលកើតចេញពីវីរុសដ៏អកុសល និងសាហាវនេះទេ...ប៉ុន្តែ ភាពពិតជាក់ស្ដែង វានឹងផ្ដល់ឱ្យ អាជីវកម្ម ឬក្រុមហ៊ុននានានូវរឿងមួយដែលត្រូវពិចារណា នៅពេលដែលខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេជួបបញ្ហា...ដូច្នេះ ខ្ញុំគិតថាវានឹងជួយបង្កើនការងារត្រឡប់ មកកាន់អាមេរិកខាងជើង វិញ»

គួរជម្រាបថា អ្នកស្លាប់ដោយសារ វីរុសកូរ៉ូណាថ្មីបានកើនឡើងដល់ ២១៣នាក់ហើយ និងបានឆ្លងដល់មនុស្ស ៩,៦៨៩នាក់នៅប្រទេសចិន និងច្រើនជាង ៩០ករណីទៀតនៅទូទាំងពិភពលោក។

ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លងវីរុសកូរ៉ូណាថ្មី ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ

១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៤ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង

គិតត្រឹមវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕