(ប៉េកាំង)៖ ក្រសួងការបរទេសចិននាថ្ងៃសុក្រនេះបានប្រកាសថា ប្រទេសចិនមានភាពជឿជាក់ពេញទំហឹង និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកឈ្នះក្នុងការប្រយុទ្ធតតាំង ជាមួយការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការដកស្រង់ការផ្សាយពីទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ ជុនយីង (Hua Chunying បានលើកឡើងដូចខាងលើ បន្ទាប់ពីអង្គការសុខភាពពិភពលោក (WHO) បានប្រកាសចាត់ទុកវីរុសកូរ៉ូណាប្រភេទថ្មី 2019-nCoV ជារឿងអាសន្នផ្នែកសុខភាពសាធារណៈ សម្រាប់សកលលោកទាំងមូលតែម្តង ស្របពេលដែលចំនួនមនុស្សស្លាប់ដោយសារវីរុសនេះ បានកើនឡើងលើសពី ២០០នាក់ហើយ ព្រមទាំងតួលេខអ្នកឆ្លងគឺដល់ជិត១ម៉ឺននាក់។

លោកស្រី Hua បានគូសបញ្ជាក់ថា ចាប់តាំងពីការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី រដ្ឋាភិបាលចិនបានចាត់វិធានការយ៉ាងគ្រប់ជ្រុងជ្រោយ និងយ៉ាងស្វាហាប់ ដើម្បីទប់ស្កាត់ក៏ដូចជាគ្រប់គ្រងការរីលរាលនៃវីរុស ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពប្រជាជន ហើយប្រទេសលោកស្រីមានភាពជឿជាក់យ៉ាងពេញទំហឹង និងមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីយកឈ្នះនៅក្នុងការប្រយុទ្ធតតាំង ជាមួយការរីករាលដាលនៃវីរុសកូរ៉ូណាថ្មីនេះ។ បើតាមលោកស្រី Hua ប្រទេសចិនបាននិងកំពុងទាក់ទង ក៏ដូចជាសហការគ្នាយ៉ាងជិតស្និទ្ធជាមួយ អង្គការសុខភាពពិភពលោក៕