(វូហាន)៖ មន្ទីរពេទ្យធំៗពីរ កំពុងត្រូវបានសាងសង់នៅឡើយ នៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ដើម្បីទទួលអ្នកជំងឺរាប់ពាន់នាក់ ដែលបានឆ្លង និងអាចបន្តការឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (2019-nCoV) ដែលបានបង្កឲ្យជនជាតិចិន ២១៣នាក់ស្លាប់ និង ៩,៦៩២នាក់ទៀតឆ្លងរួចមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០។

មន្ទីរពេទ្យធំៗពីរដែលកំពុងស្ថិតនៅក្នុងការសាងសង់នោះ គឺមួយមានឈ្មោះថា ហួសិនសាន (Houshenshan) និងមួយទៀតឈ្មោះ ឡៃសិនសាន (Leishenshan) ដែលត្រូវបាន រដ្ឋាភិបាលចិនប្រកាសធ្វើការសាងសង់ តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ក្រោយទីក្រុងវូហាន រួមទាំងខេត្តហ៊ូប៉ីទាំងមូលត្រូវបានបញ្ជាឲ្យបិទទ្វារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ វីរុសផ្លូវដង្ហើមកូរ៉ណាប្រភេទថ្មីនេះឲ្យកាន់តែមានប្រសិទ្ធភាព។

គួរបញ្ជាក់ថា បើតាមការកំណត់មន្ទីរពេទ្យ Houshenshan និង Leishenshan នឹងត្រូវដាក់ឲ្យដំណើរការនៅដើមខែកុម្ភៈ ក្រោមការគ្រប់គ្រងរបស់មន្ត្រីពេទ្យយោធាចិន។ មន្ទីរពេទ្យទាំងពីរនេះមានគ្រែសម្រាប់ទទួលអ្នកជំងឺ សរុបចូលគ្នាប្រមាណជាង ២,០០០គ្រែ។ ដោយឡែកក្នុងចំណោមអ្នកឆ្លងបច្ចុប្បន្ន ៩,៦៩២នាក់ មាន ១,៥២៧នាក់កំពុងស្ថិតនៅក្នុងស្ថានធ្ងន់ធ្ងរ គិតត្រឹមព្រឹកថ្ងៃសុក្រនេះ ខណៈមនុស្ស ១៧១នាក់បានជះសះស្បើយ និងត្រឡប់ទៅផ្ទះវិញ៕