(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់ធ្ងន់ៗលើលោក ចន បូលតុន (John Bolton) ដោយនិយាយថាបើសិនជា លោក បូលតុន នៅតែបន្តកាន់តំណែងនៅឡើយ ឬក៏បើលោកស្ដាប់តាមអតីតទីប្រឹក្សាសន្តិសុខជាតិរូបនេះ ម្លេះពិភពលោកបច្ចុប្បន្ន ធ្លាក់ចូលក្នុង សង្រ្គាមលោកលើកទី៦ បាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០។

លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីលោក បូលតុន បង្ហើបពីគម្រោងចេញ ផ្សាយសៀវភៅថ្មីមួយក្បាល ដែលត្រួវបានគេជឿជាក់ថា អាចនឹងបំផ្លាញដល់កិច្ចការពាររូបលោក ពីនីតិវិធីដកតំណែងកំពុងប្រពឹ្រត្តទៅក្នុងព្រឹទ្ធសភា។ លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា៖ «បុរសម្នាក់នេះ (លោក បូលតុន) បានអង្វរសុំការងារពីខ្ញុំ ទាំងដែលព្រឹទ្ធសភាមិនយល់ព្រម ហើយខ្ញុំបានផ្ដល់ការងារ ដល់គាត់ បើទោះជាមនុស្សជាច្រើនប្រាប់ខ្ញុំថាកុំក៏ដោយ...ប៉ុន្តែ គាត់បាននិយាយពីការយកគំរូតាមប្រទេសលីប៊ី (ដើម្បីដោះស្រាយជាមួយកូរ៉េខាងជើង) នៅលើកញ្ចក់ទូរទស្សន៍។ ដូច្នេះ និយាយឱ្យត្រង់ បើខ្ញុំស្ដាប់គាត់ សព្វថ្ងៃយើងប្រហែលជាកំពុងនៅក្នុងសង្រ្គាមលោកលើកទី៦»

គួរបញ្ជាក់ថា ជម្លោះពាក្យសម្ដីរបស់លោក ត្រាំ ជាមួយលោក ចន បូលតុន កើតមានឡើង ខណៈព្រឹទ្ធសភាអាមេរិក កំពុងពិភាក្សាគ្នាថាតើគួរតែឱ្យ អតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិករូបនេះ បង្ហាញខ្លួនក្នុងនាមជាសាក្សីដ៏សំខាន់ម្នាក់ នៅឯសវនាការស្ដីពីការដកលោក ត្រាំ ចេញពីតំណែងដែលកំពុង ប្រព្រឹត្តទៅដែរក៏យ៉ាងណា។ លោក បូលតុន ដែលត្រូវបានលោក ដូណាល់ ត្រាំ ដកចេញពីតំណែងកាលពីខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីមាន សេចក្ដីរាយការណ៍ជាបន្តបន្ទាប់ថាអ្នកទាំងពីរមានការខ្វែងគំនិតគ្នាជាច្រើន ជាពិសេសគឺសំណុំរឿងកូរ៉េខាងជើង គឺជាសាក្សីដ៏សំខាន់ម្នាក់ដែលអាចដាក់ បន្ទុកបន្ថែមលើលោក ត្រាំ នៅក្នុងសវនាការរបស់ព្រឹទ្ធសភា៕