(ស៊ុយអែត)៖ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម (Stockholm) មានមូលដ្ឋាននៅក្នុងប្រទេសស៊ុយអែតបានឱ្យដឹងថា ចិនបានជាប់ចំណាត់ថ្នាក់លេខ ២ ក្នុងនាមជាប្រទេសផលិត និងនំាចេញអាវុធធំជាងគេបំផុតបន្ទាប់ពីសហរដ្ឋអាមេរិក ខណៈរុស្ស៊ីឈរនៅលេខរៀងទី ៣។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដោយផ្អែកលើទិន្នន័យកាលពីឆ្នាំ២០១៧ ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ វិទ្យាស្ថាន Stockholm បានបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកជាប់លេខមួយ ក្នុងនាមជាប្រទេសផលិត និងនំាអាវុធធំជាងគេបំផុត ក្នុងចំណោមប្រទេសចំនួន ១០០ នៅលើពិភពលោក ជាមួយការចេញអាវុធកាលពីឆ្នាំ២០១៧ មានទំហំ ២២៦.៦ពាន់លានដុល្លារ តាមពីក្រោយដោយប្រទេសចិនដែលនាំចេញ អាវុធក្នុងទំហំចន្លោះពី ៧០-៨០ពាន់លានដុល្លារ ខណៈរុស្ស៊ីជាប់លេខ ៣ ដោយលក់អាវុធបាន ៣៧.៧ពាន់លានដុល្លារ»

គួរជម្រាបថា នៅក្នុងរបាយការណ៍កាលពីលើកមុន វិទ្យាស្ថានស្រាវសន្តិភាពអន្តរជាតិ Stockholm មិនបានរាប់បញ្ចូលប្រទេសចិន ទៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួននោះទេ ដោយសារតែមិនមានព័ត៌មានគ្រប់គ្រាន់ពាក់ព័ន្ធនឹងការលក់ និងនាំចេញអាវុធរបស់ទីក្រុងប៉េកាំង។ យ៉ាងណាក៏ដោយ ដោយផ្អែកលើទិន្នន័យកាលពីឆ្នាំ២០១៧ វិទ្យាស្ថានស្រាវមួយនេះក៏បានវាយតម្លៃផងដែរថា ក្រុមហ៊ុនអាវុធចិនមួយចំនួន បានជាប់ក្នុងឈ្មោះចំណោមក្រុមហ៊ុនផលិតអាវុធកំពូលៗទាំង ២០នៅលើពិភពលោក៕