(អូស្ត្រាលី)៖ អាជ្ញាធរអូស្ត្រាលីទើបតែប្រកាសថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាថ្មី (Coronavirus) ដែលមានប្រភពដើមពីទីក្រុងអ៊ូហាន (Wuhan) ភាគកណ្តាលប្រទេសចិននោះ បានកើនឡើងដល់ ០៥ករណីហើយនៅលើទឹកអូស្ត្រាលី បន្ទាប់ពីជនជាតិចិនម្នាក់ ទើបត្រូវបានក្រុមគ្រូពេទ្យជំនាញអូស្ត្រាលីធ្វើតេស្ត និងរកឃើញមានផ្ទុកវីរុសដ៏សាហាវនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០។

ស្ត្រីជាជនជាតិចិនម្នាក់អាយុ ២១ឆ្នាំ បានធ្វើដំណើរត្រឡប់ពីទីក្រុង Wuhan នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន មកដល់ទីក្រុងស៊ីដនីកាលពីសប្តាហ៍មុននេះ ហើយក្រោយពីការសង្ស័យ អំពីសុខភាពផ្ទាល់ខ្លួននោះ នាងក៏បានទទួលការធ្វើតេស្ត និងតាមដានសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញតែម្តង។ ការប្រកាសអំពីអ្នកឆ្លងថ្មីនេះ បានធ្វើឲ្យចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាសរុបនៅអូស្ត្រាលី កើនឡើងដល់ ០៥ករណី ហើយដែលពួកគេទាំងនោះ សុទ្ធតែធ្លាប់ធ្វើដំណើរទៅកាន់ទីក្រុង Wuhan។

ខាងក្រោមនេះ គឺជាតួលេខសរុបនៃអ្នកឆ្លង និងបាត់បង់ជីវិតនៅចិន ព្រមទាំងចំនួនអ្នកឆ្លងនៅទូទាំងពិភពលោក៖

១៖ ប្រទេសចិន៖ ឆ្លងជាង ២,៧៤០នាក់ ក្នុងនោះស្លាប់ ៨១នាក់
២៖ ថៃ៖ ០៨ករណី
៣៖ អូស្ត្រាលី៖ ០៥ករណី
៤៖ បារាំង៖ ០៣ករណី
៥៖ ជប៉ុន៖ ០៤ករណី
៦៖ ម៉ាឡេស៊ី៖ ០៤ករណី
៧៖ សិង្ហបុរី៖ ០៤ករណី
៨៖ កូរ៉េខាងត្បូង៖ ០៣ករណី
៩៖ សហរដ្ឋអាមេរិក៖ ០៥ករណី
១០៖ វៀតណាម៖ ០២ករណី
១១៖ នេប៉ាល់៖ ០១ករណី
១២៖ កាណាដា ០១ករណី

គួរបញ្ជាក់ថា ក្រៅពីប្រទេសចិន មិនទាន់មានប្រទេសណាផ្សេងទៀត បានរាយការណ៍អំពីករណីស្លាប់ដោយសារវីរុសកូរ៉ូណានោះឡើយ ខណៈប្រទេសមួយចំនួន បានព្យាយាមព្យាបាលអ្នកឆ្លង ឲ្យបានធូរស្រាលឡើងវិញផងដែរ។ ដោយឡែកប្រទេសមួយចំនួនទៀតដូចជា រុស្ស៊ី និងអង់គ្លេសជាដើម ក៏បានធ្វើការត្រួតពិនិត្យសុខភាពពលរដ្ឋមួយចំនួន ដែលគេសង្ស័យថាអាចមានផ្ទុកវីរុសនេះដែរ ប៉ុន្តែជាលទ្ធផលគឺពួកគេទាំងនោះត្រឹមតែផ្តាសាយធម្មតា និងគ្មានផ្ទុកវីរុសកូរ៉ូណានោះឡើយ៕