(ប៉េកាំង)៖ មន្ទីរពេទ្យហូសិនសាន (Huoshenshan) នឹងត្រូវដឹកនាំដោយយោធាចិន ចាប់ពីថ្ងទី០២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះតទៅ ដោយវាស្ថិតនៅក្នុងទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ដែលជាប្រភពដើមនៃវីរុស ផ្លូវដង្ហើមដ៏កាចសាហាវកូរ៉ូណា (Coronavirus) កំពុងអុកឡុកពិភពលោក។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០។

មន្ទីរពេទ្យ Huoshenshan ត្រូវបានរៀបចំឡើង ដើម្បីទទួលអ្នកជំងឺដែលឆ្លងវីរុសផ្លូវដង្ហើមថ្មី នៅក្នុងទីក្រុងវូហាន (Wuhan) ដែលជាប្រភពដើម និងកំពុងផ្ទុះការឆ្លងខ្លាំងក្លាជាងគេ ខណៈមនុស្សស្លាប់វិញបានកើនដល់ដល់ ៥៦នាក់គិតត្រឹមថ្ងៃអាទិត្យនេះនៅក្នុងប្រទេសចិន។ មន្ទីរពេទ្យ Huoshenshan មានទីធ្លាទំហំ ២៥,០០០ម៉ែត្រក្រឡា ហើយនឹងអាចមានគ្រែសម្រាប់ ទទួលអ្នកជំងឺពីចន្លោះ ៧០០ ទៅ ១,០០០គ្រែឯណោះ។

ក្រៅពីមន្ទីរពេទ្យ Huoshenshan មន្ទីរពេទ្យមួយទៀតដែលស្ថិតនៅទីក្រុង Wuhan ដូចគ្នាមានឈ្មោះថា ឡៃសិនសាន (Leishenshan) នឹងត្រូវបើកដំណើរការនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមន្ទីរពេទ្យទាំងពីរនេះត្រូវបានរៀបចំឡើង ជាពិសេសដើម្បីទទួលអ្នកឆ្លង និងពិនិត្យរកវីរុសកូរ៉ូណា។

គួរបញ្ជាក់ថា សម្រាប់តួលេខផ្លូវការសម្រាប់ប្រទេសចិន គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ មនុស្ស ១,៩៨៥នាក់បានឆ្លងវីរុសកូរ៉ូណានៅទូទាំងប្រទេស និង ២,០៥៧នៅទូទាំងពិភពលោក (គិតទាំងចិន) ខណៈមនុស្ស ៥៦នាក់បានស្លាប់ ក្នុងនោះ ៥៥នាក់នៅទីក្រុងវូហាន និងម្នាក់នៅទីក្រុងសៀងហៃ។

ដោយឡែកសម្រាប់ ប្រទេសផ្សេងៗក្រៅពីចិន ដែលមានករណីឆ្លងវីរុសកូរ៉ូណាពីទីក្រុងវូហាននោះមានដូចជា ថៃ សិង្ហបុរី ម៉ាឡេស៊ី វៀតណាម នេប៉ាល់ កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី បារាំង និងសហរដ្ឋអាមេរិក សរុបចំនួន ៦០ករណី ខណៈថៃមានអ្នកឆ្លងច្រើនជាងគេរហូតដល់ ០៧ករណី និងបន្ទាប់មកគឺសិង្ហបុរីមាន ០៤ករណី៕