(អាមេរិក)៖ វាជាក្តីរំពឹងធំបំផុតមួយសម្រាប់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ក្នុងការងើបមុខឡើងវិញនៅលើឆាកអន្តរជាតិ ខណៈយន្តហោះត្រកូល Boeing 737 MAX បានជួបប្រទះបញ្ហាកាលពីឆ្នាំ២០១៨ និង ២០១៩ ដែលបង្ខំឲ្យវាត្រូវផ្អាកដំណើរការ នៅទូទាំងពិភពលោក ដើម្បីរង់ចាំការត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពឡើងវិញ ហើយពេលយន្តហោះត្រកូលថ្មី 777X ទើបតែបានបញ្ចប់ការធ្វើតេស្ត ហោះហើរដោយជោគជ័យជាលើកដំបូង។ នេះបើតាមការចេញផ្សាយដោយ CNBC នារសៀលថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០។

Boeing 777X គឺជាប្រភេទយន្តហោះម៉ាស៊ីនពីរដែលមានទំហំធំ និងទូលាយជាងគេបំផុត នៅលើពិភពលោក បានបញ្ចប់ការធ្វើតេស្តហោះហើរជាលើកដំបូងដោយជោគជ័យ នៅថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) ក្រោយការផ្អាកចំនួនពីរថ្ងៃជាប់ៗគ្នា គឺនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍នេះ ដោយសារតែអាកាសធាតុមិនអំណោយផល។ ការហោះហើរត្រូវបានចាកចេញពីតំបន់អេវរ៉េតត៍ (Everett) នៃរដ្ឋវ៉ាស៊ីនតោនស្តេត (Washington State) ឆ្ពោះទៅចុះចតនៅទីក្រុងសៀតថល (Seattle) ដោយប្រើថេរវេលា ៤ម៉ោង។

ត្រកូល 777X របស់ Boeing នេះនឹងក្លាយជាយន្តហោះថ្មីមួយ ដែលទទួលបានការគិតគូរខ្ពស់ ទៅលើប្រព័ន្ធសុវត្ថិភាពនៃការហោះហើរ បន្ទាប់ពីមេរៀនដ៏ជូរចត់ដែលបានកើតមានឡើងទៅលើ Boeing 737 MAX ដែលជាប្រភេទយន្តហោះលក់ដាច់បំផុត នៅក្នុងប្រវត្តិសាស្ត្រ Boeing ប៉ុន្តែក៏ត្រូវបានផ្អាកដំណើរការទាំងអស់រួចមកហើយដែរ ក្រោយការធ្លាក់ចំនួនពីរលើកនៅ អេត្យូពី និងឥណ្ឌូណេស៊ី។

គួរបញ្ជាក់ថា តម្លៃរបស់ Boeing 777X នៅលើក្រដាសគឺ ៤២២.២លានដុល្លារអាមេរិកក្នុងមួយគ្រឿង ប៉ុន្តែអាកាសចរណ៍នានាតែងតែទទួលបាន ការបញ្ចុះតម្លៃនៅពេលពួកគេបញ្ជាទិញ។ គិតមកទល់នឹងខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន Boeing បានអះអាងថា យន្តហោះត្រកូល 777X ដែលអាចដឹកអ្នកដំណើរបានជាង ៤២០នាក់នេះ ទទួលបានការបញ្ជាទិញសរុប ៣៤៤គ្រឿងហើយ ខណៈអាកាសចរណ៍ Emirates គឺជាអតិថិជនធំបំផុត៕