(ប៉េកាំង)៖ អាជ្ញាធរចិនបានចេញបម្រាមក្តៅៗថ្មីទៀតហើយ ដោយហាមប្រជាជនទាំងអស់ ចាកចេញទៅក្រៅប្រទេស គិតចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះតទៅ ខណៈលោកប្រធានាធិបតី ស៊ី ជិនពីង បានព្រមានអំពីការរាតត្បាតកាន់តែអាក្រក់ នៃវីរុសផ្លូវដង្ហើមថ្មីទូទាំងប្រទេស ដែលបានផ្តាច់ជីវិតមនុស្សសរុប ៥៦នាក់ ក្នុងនោះម្នាក់នៅសៀងហៃ ដែលជាករណីស្លាប់ដំបូងក្នុងទីក្រុងនេះ ខណៈមនុស្ស ២,០០០នាក់ទៀតបានឆ្លង់វីរុស កូរ៉ូណានេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០។

សម្រាប់ចំណាត់ការក្តៅកន្លងមកនេះ អាជ្ញាធរចិនបានសម្រេចបិទទីក្រុង វូហាន (Wuhan) និងខេត្តហូប៉ី (Hubei) ទាំងមូលតែម្តង ជាទីដែលមនុស្សរហូតដល់ទៅ ៥៥នាក់បានស្លាប់ និងជាប្រភពដើមនៃការចម្លងវីរុសនេះ ដល់មនុស្សប្រមាណ ២,០០០នាក់នៅទូទាំងប្រទេសចិន និងជិត ៣០នាក់នៅទូទាំងពិភពលោក។ បន្ថែមពីនេះទីក្រុងប៉េកាំងដែលមានប្រជាជនជាង ២០លាននាក់ និងទីក្រុងធានជិន (Tianjin) ដែលមានប្រជាជន ១៥លាននាក់ក៏ចាប់ផ្តើមអនុវត្តន៍នូវបម្រាមថ្មីដែរ នោះគឺការហាមរថយន្តក្រុងដឹកអ្នកដំណើរផ្លូវឆ្ងាយ «ចេញ និងចូល» ទីក្រុងធំៗទាំងពីរនេះ។

គួរបញ្ជាក់ថា ប្រទេសនៅអាស៊ានយើងដូចជាថៃ វៀតណាម សិង្ហបុរី និងម៉ាឡេសីជាដើម បានរកឃើញករណីឆ្លងវីរុសផ្លូវដង្ហើមថ្មីកូរ៉ូណានេះរួចទៅហើយ ដោយក្នុងប្រទេសថៃមានច្រើនករណីជាងគេ រហូតទៅដល់ ០៧នាក់ ខណៈសិង្ហបុរីវិញមាន ០៤នាក់។ មិនទាន់មានប្រទេសណាមួយបានរាយការណ៍ពីមនុស្សស្លាប់ ដោយសារវីរុសដែលមានប្រភពដើមពីប្រទេសចិននេះឡើយ ក្រៅពីទឹកដីចិនផ្ទាល់។

ងាកមកកាន់ប្រទេសកម្ពុជាយើងវិញ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមការងាររបស់ក្រសួងសុខាភិបាល បាននឹងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ព្រមទាំងបានបង្កើនវិធានការទប់ស្កាត់នៅតាមព្រលានយន្តហោះ និងតាមច្រកព្រំដែននានា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋកម្ពុជា។

ទោះជាបច្ចុប្បន្ននេះ កម្ពុជាមិនមានករណីជំងឺផ្តាសាយបក្សីកើតឡើងទៀតក៏ដោយ និងពុំទាន់រកឃើញករណីជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះក៏ដោយ ក៏បុគ្គលគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ក្នុងការការពារសុខភាពពីការឆ្លងជំងឺខាងលើ នារដូវបុណ្យចូលឆ្នាំចិននេះដោយ៖

* គួរតែជៀសវាងការចូលទៅកន្លែងចិញ្ចឹមសត្វ (បើគ្មានភារកិច្ច) ឬប៉ះពាល់ផ្ទាល់ជាមួយសត្វនៅតាមកសិដ្ឋានចិញ្ចឹមសត្វ និងទីផ្សារបក្សីរស់ ឬចូលកន្លែងសត្តឃាត ឬប៉ះពាល់ជាមួយផ្ទៃណាមួយដែលកខ្វក់ ឬប្រឡាក់ដោយលាមកសត្វ បសុបក្សី ឬសត្វដទៃទៀត។

* ជៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។

* ត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាត បន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗដែលអាចជាប្រភពចម្លងរោគ ព្រមទាំងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ និងចំណីអាហារដែលមានសុវត្ថិភាពល្អ។ ត្រូវចងចាំថា មិនអាចឆ្លងវីរុសផ្តាសាយបក្សី ឬវីរុសរលាកសួតប្រភេទថ្មីនេះទេ បើលោកអ្នកកាន់ ឬបរិភោគបសុបក្សី និងស៊ុត ឬម្ហូបអាហារ ដែលចម្អិនបានល្អត្រឹមត្រូវ។

* ជៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច។

* អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់ និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាស។

* បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការបង្ការការចម្លងរោគក្នុងគ្រឹះស្ថាន សុខាភិបាលឲ្យបានហ្មត់ចត់ និងត្រឹមត្រូវដើម្បីជៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។

ប្រសិនបើសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មី ដោយមានគ្រុនក្តៅ ៣៨អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស ត្រូវប្រញាប់រាយការណ៍ ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥ ដោយឥតគិតថ្លៃ។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថ្លែងថា «ខ្ញុំសូមប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចកើតមានជាយថាហេតុ ដូច្នេះសូមក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងកុំទៅក្បែរ ឬជិតអ្នកមានជំងឺផ្លូវដង្ហើមស្រួចនៅទីកន្លែងដែលដឹងថា មានជំងឺបាននិងកំពុងកើតមានឬកំពុងផ្ទុះរាតត្បាត»

លើសពីនោះ ប្រសិនបើមានករណីសង្ស័យជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី លោកអ្នកត្រូវស្វែងរកការព្យាបាលជាបន្ទាន់នៅតាមគ្រឹះស្ថានសុខាភិបាលសាធារណៈ ដែលនៅជិតផ្ទះរបស់លោកអ្នកបំផុត ហើយត្រូវជម្រាបជូនមន្ត្រីសុខាភិបាល អំពីប្រវត្ដិជំងឺ និងប្រវត្តិនៃការធ្វើដំណើរ។ ក្រសួងសុខាភិបាល ក៏បានដាក់ម៉ាស៊ីនស្កេនកំដៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខេត្តព្រះសីហនុ និងសៀមរាប បាវិត ប៉ោយប៉ែត ព្រែកចាក និងស្រាវជ្រាវរកករណីសង្ស័យដោយក្រុមចត្តាឡីស័ក នៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិ ព្រមទាំងបានត្រៀមបន្ទប់ដាក់អ្នកជំងឺ ឲ្យនៅដាច់ដោយឡែកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យខេត្តព្រះសីហនុ និងមន្ទីរពេទ្យខេត្តសៀមរាប ត្រៀមសម្ភារៈ បរិក្ខារពេទ្យ និងឱសថចាំបាច់ សម្រាប់ការព្យាបាលផងដែរ។

មានមន្ទីរពិសោធន៍ជាតិ ត្រៀមជាស្រេចដើម្បីរកអត្តសញ្ញាណវីរុសថ្មីនេះ ហើយមានក្រុមជំនាញសុខាភិបាលជាង២,០០០នាក់ ដែលបានបណ្តុះបណ្តាលរួចជាស្រេចក្នុងការតាមដាន និងឆ្លើយតបជំងឺកើតឡើងថ្មីៗ ត្រៀមលក្ខណៈឆ្លើយតប បើកើតមានជាយថាហេតុ៕