(ស៊ីដនី)៖ អូស្ត្រាលីនៅថ្ងៃសៅរ៍នេះ បានបញ្ជាក់ថា ខ្លួនបានរកឃើញ៤ករណីដំបូង នៃវីរុសផ្លូវដង្ហើមថ្មី (Coronavirus) ស្របពេលដែលចំនួនអ្នកស្លាប់ ដោយសារវីរុសឆ្លងមួយនេះ កើនឡើងដល់៤១នាក់ នៅក្នុងប្រទេសចិន, នេះបើយោងតាមសារព័ត៌មាន Reuters ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០។

ព្រមជាមួយគ្នានោះ នៅម៉ាឡេស៊ី បានអះអាងថា មាន៣ករណី និងប្រទេសបារាំង ត្រូវបានគេរាយការណ៍ថា ជាប្រទេសដំបូងនៅតំបន់អឺរ៉ុប ចំនួន៣ករណី ដែលមានវីរុសផ្លូវដង្ហើមនេះ ចំពេលដែលអាជ្ញាធរសុខភាពនៅទូទាំងពិភពលោក កំពុងទប់ស្កាត់ការរីករាលដាល។

សហរដ្ឋអាមេរិក បាននឹងកំពុងរៀបចំជើងហោះហើរ នៅថ្ងៃអាទិត្យស្អែកនេះដើម្បីនាំយកនូវពលរដ្ឋ និងមន្ត្រីការទូតរបស់ខ្លួន ចេញពីទីក្រុង Wuhan ប្រទេសចិន ត្រឡប់ទៅកាន់ប្រទេសខ្លួនវិញ។

នៅទីក្រុងហុងកុងវិញ, ត្រូវបានគេរាយការណ៍ថា មាន៥ករណី ហើយមេដឹកនាំហុងកុង លោកស្រី Carrie Lam បានលើកឡើងថា ជើងហោះហើរ និងរថភ្លើងល្បឿនលឿន រវាងទីក្រុងហុងកុង និងទីក្រុង Wuhan នឹងត្រូវផ្អាកដំណើរការ៕