(ប៉េកាំង)៖ បើតាមក្រុមអ្នកវិទ្យាសាស្ត្រ សត្វពស់ ក្នុងនោះរួមមានទាំងសត្វពស់ប្រភេទ krait និងពស់វែក ទំនងជាប្រភពដើមនៃវីរុសកូរ៉ូណាថ្មី ឬ 2019-nCoV ដែលកំពុងបង្កជា «ជំងឺរលាកសួតធ្ងន់ធ្ងរ» នៅក្នុងប្រទេសចិន។ ជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) ដែលបង្កឡើងដោយវីរុសកូរ៉ូណាថ្មីនេះ ត្រូវបានគេ រាយការណ៍ជាលើកដំបូងបំផុត កាលពីចុងខែធ្នូ ឆ្នាំ២០១៩ នៅឯទីក្រុងវូហាន នៃខេត្ត Hubei ហើយវាបានរីករាលដាលយ៉ាងឆាប់រហ័សដោយបានផ្ដាច់ជីវិត មនុស្ស២៥នាក់ និងមនុស្ស ៨៣៥នាក់បានឆ្លង គិតត្រឹមថ្ងៃទី២៤ ខែមករានេះ ខណៈប្រទេសថៃ វៀតណាម ជប៉ុន កូរ៉េខាងត្បូង អាមេរិក ហ្វីលីពីន និងសិង្ហបុរី រួមទាំងកោះតៃវ៉ាន់ ក៏មានករណីផ្ទុះឡើងនូវវីរុសថ្មីនេះដែរ តែមិនទាន់មានព័ត៌មានពីអ្នកស្លាប់នៅឡើយទេ។

ក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យចំនួន៥ នៅក្នុងប្រទេសចិន បានធ្វើបទបង្ហាញពីការសិក្សលើ កូដ ហ្សេនេទិច (genetic code) របស់ វីរុសកូរ៉ូណាថ្មី ដោយរកឃើញថាវាមានលក្ខណៈប្រហាក់ប្រហែលទៅនឹងវីរុសកូរ៉ូណានៃជំងឺ SARS ដែលឆ្លងពី «សត្វប្រចៀវ» ដែលនេះមានន័យថា 2019-nCoV គឺជាប្រភេទវីរុសឆ្លងពីសត្វទៅមនុស្ស ឬគេហៅថា zoonotic virus។ ប៉ុន្តែ បច្ចុប្បន្ន វីរុសកូរ៉ូណាថ្មី មកពីទីក្រុង វូហាន ត្រូវបានគេទទទួលស្គាល់ថា «អាចឆ្លងពីមនុស្ស ទៅមនុស្ស» ហើយដោយផ្អែកលើការវិភាគលើលំដាប់ និងកូដប្រូតេអ៊ីន នៃវីរុសកូរ៉ូណាថ្មី អ្នកវិទ្យាសាស្ត្រចិន ក៏បានសន្មត់ដែរថាវីរុសនេះ ទំនងជាអាចឆ្លងមកពីសត្វពស់ ដែលត្រូវបានគេរាយការណ៍ថាមានលក់ដូរ នៅក្នុងផ្សារលក់គ្រឿងសមុទ្រមួយកន្លែង ក្នុងទីក្រុងវូហាន។

យ៉ាងណាក៏ដោយ ប្រភពដើមនៃវីរុសកូរ៉ូណាថ្មី មិនទាន់ត្រូវបានគេកំណត់នោះទេ តែមានទ្រឹស្តីមួយសន្និដ្ឋានថា 2019-nCoV អាចមានប្រភពពីសត្វប្រចៀវ ហើយឆ្លងទៅសត្វពស់ បន្ទាប់មកទើបចម្លងទៅមនុស្ស។ 2019-nCoV មិនមែនជា zoonotic virus ដំបូងគេបំផុតនោះទេ។ ខាងក្រោមនេះគឺជាប្រភេទវីរុសដ៏ កាចសាហាវបំផុតនៅលើពិភពលោក ដែលមានប្រភពដើមមកពីសត្វ៖

*អេបូឡា (Ebola)

បើតាមអង្គការសុខភាពពិភពលោក (WHO) Ebola មានប្រភពដើមមកពីសត្វជ្រឹង។ រីឯសត្វដទៃទៀត ដែលអាចមានផ្ទុកវីរុសនេះ និងចម្លងទៅមនុស្សមាន ដូចជាសត្វស្វាអម្បូរ chimpanzees, សត្វស្វា gorillas, សត្វស្វា, ព្រមទាំងសត្វកាំប្រម៉ា porcupines។ ការចម្លងវីរុស Ebola កើតឡើងតាមរយៈការប៉ះពាល់ ដោយផ្ទាល់ជាមួយឈាម ឬសារធាតុរាវ នៅក្នុងរាងកាយមនុស្ស ឬសត្វដែលឈឺ ឬស្លាប់ដោយសារ Ebola។

វីរុស Ebola ផ្ទុះឡើងតែតាំងពីឆ្នាំ១៩៧៦ នៅទ្វីបអាហ្រ្វិក ហើយគិតមកទល់សព្វថ្ងៃនេះ វីរុសនេះបានសម្លាប់មនុស្សច្រើនជាង ១១,០០០នាក់។

*HIV/AIDS

វីរុស HIV ឬវីរុសបំផ្លាញប្រព័ន្ធភាពសុំារបស់មនុស្ស ត្រូវបានគេរកឃើញថាបានចម្លងទៅមនុស្ស ដោយចេញពីសត្វស្វាអម្បូរ chimpanzee នៅក្នុងតំបន់ អាហ្វ្រិកកណ្ដាល។ នេះបើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺឆ្លង CDC របស់សហរដ្ឋអាមេរិក។ វីរុស HIV ចម្លងទៅកោសិកានៃប្រព័ន្ធភាពសុំារបស់ មនុស្ស។ HIV/AIDS នៅតែបន្តឆក់យកជីវិតមនុស្ស មកទល់បច្ចុប្បន្ន ហើយបើតាម WHO មនុស្សច្រើនជាង ៣២លាននាក់ នៅទូទាំងពិភពលោកបានស្លាប់ កាលពីឆ្នាំ២០១៩ រីឯ ៣៧.៩លាននាក់ កំពុងរស់នៅជាមួយ HIV គិតត្រឹមចុងឆ្នាំ២០១៨។ វីរុសមួយនេះអាចឆ្លងពីមនុស្សម្នាក់តាមរយៈការរួមភេទ ឬក៏ឈាម របស់អ្នកមានផ្ទុកមេរោគ។

*Plague ឬជំងឺប៉េស្ដ

Plague ឬជំងឺប៉េស្ដ បានផ្ដាច់ជីវិតមនុស្ស ២៥លាននាក់ ដោយចាប់ផ្ដើមដំបូងពីប្រទេសចិន រហូតដល់ទ្វីបអឺរ៉ុប ពីឆ្នាំ១៣៣៤ រហូតដល់ចុងឆ្នាំ ១៣៤០។ ជំងឺប៉េស្ដ មានបីទំរង់គឺ Bubonic, septicaemic និង pneumonic ដែលឆ្លងពីប៉ាតេរី Yersinia នៅក្នុងខ្លួនថនិកសត្វតូចៗ (small mammals) និងចៃរបស់ សត្វទាំងនេះ។ ការចម្លងនៃជំងឺដ៏កាចសាហាវនេះ កើតឡើង នៅពេលត្រូវបានចៃរបស់ពពួកសត្វ small mammals ខាំ ក៏ដូចជាការប៉ះពាល់ឈាម ឬសារធាតុរាវ ឬក៏ការស្រូបយកខ្យល់ដង្ហើមពីអ្នកជំងឺ ដែលមានផ្ទុកមេរោគ។

*SARS

ត្រូវបានគេបញ្ជាក់អត្តសញ្ញាណ ក្នុងឆ្នាំ២០០៣ ជំងឺ SARS គឺបង្កឡើងវីរុសកូរ៉ាណាម្យ៉ាង ដែលមានប្រភពមកពីសត្វប្រចៀវ និងក្រោយមកបានចម្លងទៅ សត្វដទៃទៀត ដូចជាសត្វសំពោច។ ចំណែកឯ ករណីឆ្លងទៅមនុស្សត្រូវបានគេរាយការណ៍ជាលើកដំបូង នៅក្នុងខេត្តក្វាងទុង (Guangdong) ភាគខាងត្បូង ប្រទេសចិន កាលពីឆ្នាំ២០០២។ នេះបើតាមអង្គការ WHO។

ចាប់ពីខែវិច្ឆិកា ឆ្នាំ២០០២ ដល់ខែកក្កដា ឆ្នាំ២០០៣ មនុស្ស៨,០៩៨នាក់ នៅទូទាំងពិភពលោក បានឆ្លងជំងឺ SARS ដែលអាចបំផ្លាញប្រព័ន្ធផ្លូវដង្ហើមរបស់ មនុស្សយ៉ាងធ្ងន់ធ្ងរ រហូតដល់ស្លាប់។ ជាក់ស្ដែង មនុស្ស៧៧៤នាក់ បានស្លាប់ដោយសារជំងឺ SARS។

*MERS

MERS ឬជំងឺផ្លូវដង្ហើមមជ្ឈិមបូព៌ា ត្រូវបានគេកំណត់អត្តសញ្ញាណកាលពីឆ្នាំ២០១២។ MERS បង្កឡើងដោយវីរុសកូរ៉ាណា ដែលគេជឿជាក់ថាឆ្លងពី សត្វប្រចៀវ ទៅសត្វអូដ្ឋ ហើយការសិក្សាស្រាវជ្រាវជាច្រើន ក៏បានឱ្យដឹងដែរថា វីរុសនេះចម្លងមកមនុស្សតាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬមិនផ្ទាល់ជាមួយ សត្វអូដ្ឋ។ MERS បានរាតត្បាតប្រទេសចំនួន២៧ តែមិនខ្លាំងក្លាដូចជា SARS នោះទេ។ បើតាមអង្គការ WHO​ ករណីឆ្លងចំនួន ២,៤៩៤​ បានផ្ទុះឡើង ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកកើតជំងឺ MERS អាចនឹងប្រឈមមុខនឹងអាត្រាស្លាប់៣៥ភាគរយ ខណៈមនុស្ស៨៥៨ បានស្លាប់ ចាប់តាំងពីវាផ្ទុះឡើង ដំបូងនៅឆ្នាំ២០០២។

*Rabies ឬជំងឺឆ្កែឆ្កួត

៩៩ភាគរយនៃជំងឺឆ្កែឆ្កួត គឺឆ្លងតាមរយៈសត្វឆ្កែ ហើយអ្នកស្លាប់ដោយសារជំងឺនេះច្រើនជាងគេគឺមាននៅអាហ្វ្រិក និងអាស៊ី ឬស្មើនឹង៩៥ភាគរយ នៃអាត្រា អ្នកស្លាប់ដោយសារជំងឺឆ្កែឆ្កួត នៅលើពិភពលោក។ ជំងឺឆ្កែឆ្កួត ចម្លងទៅមនុស្សតាមរយៈឆ្កែដែលមានផ្ទុកវីរុស ខាំ ឬ ក្រញៅ ឬក៏ខ្វាច។ បើតាមអង្គការ WHO មនុស្ស ៥៩,០០០នាក់ស្លាប់ជារៀងរាល់ឆ្នាំ នៅក្នុងប្រទេសចំនួន១៥៧។

*Influenza (ផ្ដាសាយ)

សត្វមួយចំនួនអាចចម្លងវីរុស Influenza ដូចដែលពិភពលោកបានឃើញមកហើយដូចជា ជំងឺផ្ដាសាយបក្សី និងផ្ដាសាយជ្រូកជាដើម។ ជំងឺនេះឆ្លងតាមរយៈ ការទាក់ទងដោយផ្ទាល់ជាមួយសត្វមួយចំនួន ឬមជ្ឈដ្ឋានដែលមានផ្ទុកវីរុស។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្កាជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា រោគសញ្ញានៃជំងឺ Influenza មានក្ដៅខ្លួន, គ្រុនញាក់, ក្អក, ឈឺក្បាល, អស់កម្លាំង,ឈឺខ្លួន, រាគ និងក្អួត។ នៅទូទាំងពិភពលោក មានករណីផ្ទុះឡើងនៃ វីរុស Influenza ពី៣ ទៅ៥លាននាក់ ដែលមានសភាពធ្ងន់ធ្ងរក្នុងមួយឆ្នាំៗ ហើយមនុស្ស ២៩០,០០០ ដល់៦៥០,០០០បានស្លាប់ ដោយសាររលាកផ្លូវដង្ហើម ធ្ងន់ធ្ងរ។

*Nipah virus

Nipah virus អាចចម្លងពីសត្វទៅកាន់មនុស្ស (មានដូចជាប្រចៀវ ឬជ្រូក) ឬក៏ម្ហូបអាហារដែលមានផ្ទុកវីរុសនេះ ហើយវាក៏ចម្លងពីមនុស្សទៅមនុស្ស ផងដែរ។ សត្វជ្រឹង នៃអម្បូរ Pteropodidae ត្រូវបានគេជឿជាក់ថាជាប្រភពដើមនៃវីរុសនេះ។ Nipah ត្រូវបានគេទទួលស្គាល់ពីវត្តមាន ជាលើកដំបូងនៅឆ្នាំ ១៩៩៩ កំឡុង វាផ្ទុះឡើងខ្លាំងនៅក្នុងចំណោមកសិករចិញ្ចឹមជ្រូកនៅម៉ាឡេស៊ី។ បច្ចុប្បន្ន មិនមានករណីផ្ទុះឡើងជាថ្មីនៃវីរុសនេះទេ នៅក្នុងប្រទេសម៉ាឡេស៊ី ចាប់តាំងពី ឆ្នាំ១៩៩៩មក៕

ប្រភព៖ Al Jazeera (ថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០)