(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចំអកឲ្យមេបក្សប្រឆាំងវេណេស៊ុយអេឡា លោក ហ្ស៊ាន ហ្គៃដូ (Juan Guaido) ដែលបានទទួលបរាជ័យក្នុងការទម្លាក់រូបលោកចេញពីអំណាច បើទោះបីជាខំប្រឹងប្រែងយ៉ាងណាក៏ដោយ។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០។

អំឡុងដើមខែមករា ឆ្នាំ២០១៩ ដែលលោក Guaido នៅជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា លោកបានងើបឡើងប្រឆាំងការកាន់អំណាចរបស់ លោក ម៉ាឌូរ៉ូ តាមរយៈការប្រកាសលើកខ្លួនឯង ជាប្រធានាធិបតីស្តីទីរបស់វេណេស៊ុយអេឡា ហើយទទួលបានការគាំទ្រពីប្រទេសជាង ៥០ ដែលក្នុងនោះសហរដ្ឋអាមេរិក គឺជាអ្នកចេញមុខភ្លាមៗមុនគេ។ ពីដំបូងៗចលនាប្រឆាំងរបស់លោក Guaido មានសន្ទុះយ៉ាងខ្លាំងក្លា ដែលធ្វើឲ្យកក្រើកវេណេស៊ុយអេឡា ប៉ុន្តែចាប់តាំងពីពាក់កណ្តាលឆ្នាំ២០១៩មក វាក៏បានថយចុះរហូតដល់ស្ងប់ស្ងាត់ទៅវិញ។

នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Maduro នៅចំពោះមុខអ្នកគាំទ្រក្នុងទីក្រុងការ៉ាកាស់ បានចំអកការខិតខំប្រឹងប្រែងរបស់លោក Guaido ថា ជារឿងបរាជ័យគួរឲ្យអាម៉ាស់ ហើយលោកបានសួរសំដៅទៅលើគូប្រជែងរបស់លោកដូច្នេះថា «តើអ្នកណាដែលបានបោះឆ្នោតគាំទ្រឲ្យ អ្នកឯងធ្វើជាមេដឹកនាំប្រទេស »។

គួរជម្រាបថា លោក ម៉ាឌូរ៉ូ បានបន្តជាប់ឆ្នោតនៅអាណត្តិថ្មីកាលពីឆ្នាំ២០១៨ ប៉ុន្តែបក្សប្រឆាំងមិនទទួលស្គាល់លទ្ធផលនោះឡើយ ហើយបានចាត់ទុកការបោះឆ្នោតថា ប្រព្រឹត្តទៅដោយពុំមានតម្លាភាព។ បន្ទាប់ពីឡើងជាប្រធានរដ្ឋសភាវេណេស៊ុយអេឡា កាលពីខែមករា ឆ្នាំមុន លោក Guaido បានប្រកាសចាត់ទុកលោក ម៉ាឌូរ៉ូ ជាជនដែលបានដណ្តើមអំណាចដោយកម្លាំងបាយ។ ក៏ប៉ុន្តែកន្លងទៅក្នុងខែនេះ លោក ម៉ាឌូរ៉ូ បានរារាំងលោក Guaido មិនឲ្យបន្តជាប់ជាប្រធានរដ្ឋសភាទៀតឡើយ៕