(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានទទួលស្គាល់ពីករណីទី ២ នៃការឆ្លងវីរុសកូរ៉ូណាថ្មី (coronavirus) ដែលមានប្រភពមកពីទីក្រុង វូហាន (Wuhan) ប្រទេសចិន ស្របពេលវីរុសថ្មីនេះកំពុងបង្កការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ នៅទូទាំងពិភពលោក។ នេះបើតាមដកស្រង់ផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០។

វីរុសកូរ៉ូណាថ្មី (coronavirus) បានផ្ដាច់ជីវិតមនុស្សកើនដល់ ២៥នាក់ និង ៨៣៥នាក់ បានឆ្លងនៅក្នុងប្រទេសចិន រីឯអង្គការសុខភាពពិភពលោកក៏បានប្រកាសដែរថា វាជាភាពអាសន្នផ្នែកសុខាភិបាលសម្រាប់ចិន តែមិនទាន់ក្លាយជាភាពអាសន្នជាសកល នៅឡើយទេ។ វីរុសថ្មីដែលអាចបង្កជាជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) នេះត្រូវបានអាជ្ញាធរចិនទទួលស្គាល់ថា បានផ្ទុះឡើងនៅក្នុងទីក្រុង វូហាន នៃខេត្តហ៊ូប៉ី (Hubei) ហើយបច្ចុប្បន្នវាបានវាយលុក ចូលទៅដល់ទីក្រុងធំៗមួយចំនួនទៀតដូចជា ប៉េកាំង សៀងហៃ និងហុងកុង ខណៈប្រទេសសិង្ហបុរី ជប៉ុន ថៃ វៀតណាម កូរ៉េខាងត្បូង កោះតៃវ៉ាន់ វៀតណាម និងសហរដ្ឋអាមេរិក ក៏បានទទួលស្គាល់ពីករណីផ្ទុះឡើងនៃ វីរុសកូរ៉ូណាថ្មីនេះផងដែរ។

គួរជម្រាបថា មកទល់នឹងពេលនេះមិនទាន់មានការបញ្ជាក់ថា វីរុសកូរ៉ូណាថ្មីមានប្រភពមកពីសត្វ ឬអ្វីឱ្យប្រាកដឡើយ ហើយក៏មិនទាន់មានវ៉ាក់សាំងសម្រាប់វីរុសនេះដែរ។ វីរុសនេះអាចបង្ហាញរោគសញ្ញា រយៈពេលចន្លោះពី ១០-១៤ថ្ងៃក្រោយការឆ្លង ដោយអ្នកឆ្លងវីរុសកូរ៉ូណានឹងមានអាការៈ ជំងឺចាប់ពីក្ដៅខ្លួនធម្មតា កណ្ដាស ក្អក ពិបាកដកដង្ហើម រហូតដល់បាត់បង់អាយុជីវិត នៅពេលវាបំផ្លាញតម្រងនោម និងផ្លូវដង្ហើមរបស់មនុស្ស (រលាកសួតធ្ងន់ធ្ងរ) តែម្តង៕