(សៀងហៃ)៖ អាជ្ញាធរទីក្រុងសៀងហៃ នៃប្រទេសចិនបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃសុក្រនេះ មនុស្ស០៤នាក់បន្ថែមទៀតបានឆ្លងវីរុសផ្លូវដង្ហើមថ្មី (Coronavirus) ដែលមានប្រភពទីក្រុងវូហាន (Wuhan) នៃខេត្តហឺប៉ី (Hubei) ភាគកណ្តាលប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNBC នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមករា ឆ្នាំ២០២០។

ការឆ្លង ០៤នាក់បន្ថែមទៀតខាងលើនេះ វាធ្វើឲ្យចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមថ្មីក្នុងទីក្រុង សៀងហៃកើនឡើងដល់ ២០នាក់ និងទូទាំងប្រទេសចិនកើនដល់ ៨៣៤នាក់ ខណៈអ្នកជំងឺ ២៥នាក់ហើយបានបាត់បង់ជីវិត។ ដោយឡែកនៅទូទាំងពិភពលោកវិញ គិតទាំងប្រទេសចិនផងដែរ មនុស្សប្រមាណ ៨៤៨នាក់បានឆ្លងវីរុសនេះ ប៉ុន្តែមិនទាន់មានអ្នកជំងឺណាម្នាក់ស្លាប់ ក្រៅពីទឹកដីចិននៅឡើយទេ។

គួរបញ្ជាក់ថា សម្រាប់បណ្តាប្រទេសផ្សេងទៀតៗក្រៅពីចិន ដែលបានឆ្លងជំងឺនេះគឺមានដូចជា ថៃ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក។ ជំងឺផ្លូវដង្ហើម (រលាកសួតធ្ងន់ធ្ងរ) គឺត្រូវបានបង្កឡើងដោយវីរុសកូរ៉ូណាថ្មី (coronavirus) ដ៏សាហាវ ដែលអង្គការសុខភាពពិភពលោកហៅវាថា 2019-nCoV ចាប់តាំងពីវីរុសនេះត្រូវបានគេទទួលស្គាល់ថា ផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន (Wuhan)៕