(សាន់ហ្វ្រាន់ស៊ីស្កូ)៖ មនុស្សម្នាក់បានបាត់បង់ជីវិត និង៧នាក់បានទទួលរងរបួស ក្នុងនោះមានទាំងក្មេងប្រុសម្នាក់អាយុ៩ឆ្នាំ បន្ទាប់ពី ករណីបាញ់ប្រហារមួយបានកើតឡើងនៅតំបន់ទីប្រជុំជននៃទីក្រុងស៊ីអាថល (Seattle) ក្នុងរដ្ឋវ៉ាស៊ីនតោន ភាគពាយ័ព្យសហរដ្ឋអាមេរិក។ នេះបើតាម ការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

ស្ថាប័នប៉ូលិសប្រចាំទីក្រុង Seattle បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាយប់ថ្ងៃពុធសប្តាហ៍នេះ (ពេលវេលាក្នុង តំបន់ភាគខាងលិចរបស់អាមេរិក) នៅឯខាងក្រៅហាងលក់អាហារ McDonald's មួយកន្លែង ហើយពួកគេជឿថា ជនសង្ស័យអាចមានគ្នីគ្នា ច្រើននាក់ ដែលបានរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ។ ជាមួយគ្នានេះ ប៉ូលិសក្រុង Seattle កំពុងតែស៊ើបអង្កេតលើករណីនេះ ប៉ុន្តែមិនទាន់មានការចាប់ខ្លួនជនណាម្នាក់ឡើយទេ។ សម្រាប់ជនរងគ្រោះវិញ អ្នកដែលបានស្លាប់ គឺជាស្រ្តីម្នាក់អាយុចន្លោះ៤០-៥០ឆ្នាំ រីឯក្នុង ចំណោមអ្នករងរបួសវិញ មានអ្នករងរបួសធ្ងន់ម្នាក់ដែលជាស្រ្តីវ័យ៥៥ឆ្នាំ ហើយអ្នករងរបួសទាំងអស់នោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរព្យាបាល Harborview ដែលស្ថិតក្នុងទីក្រុង Seattle។

គួរជម្រាបថា ករណីខាងលើគឺជាការបាញ់ប្រហារលើកទី៣ហើយ នៅចំកណ្តាលក្រុង Seattle ក្នុងសប្តាហ៍នេះ៕