(អាមេរិក)៖ គម្រោងធ្វើតេស្តហោះហើរជាលើកដំបូងសម្រាប់យន្តហោះស៊េរី 777X របស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing ត្រូវបាន ពន្យារពេលដោយសារតែអាកាសធាតុមិនល្អ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២០។

ក្រុមហ៊ុន Boeing បានចេញសេចក្តីថ្លែងការណ៍ដូច្នេះថា «យើងនឹងពន្យារពេលការហោះហើរសាកល្បងនៃយន្តហោះ 777X ដែលកន្លងមក ត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ព្រោះតែបញ្ហាអាកាសធាតុ ហើយក្រុមការងារយើងកំពុងតែវាយតម្លៃមើលចំពោះ លទ្ធភាពនៃការធ្វើតេស្តហោះហើរនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ ដែលត្រូវនឹងថ្ងៃសុក្រសប្តាហ៍នេះ»។

គួរជម្រាបថា ការធ្វើតេស្តហោះហើរសម្រាប់យន្តហោះ 777X ត្រូវបានពន្យារពេលប៉ុន្មានលើកមកហើយ គិតចាប់តាំងពីរដូវក្តៅឆ្នាំ២០១៩ ។ បើតាមក្រុមហ៊ុន Boeing យន្តហោះនេះ ជាស៊េរីយន្តហោះម៉ាស៊ីនពីរដែលធំបំផុតរបស់ខ្លួន ហើយត្រូវបានរចនាឡើងដើម្បីអាចផ្ទុកមនុស្សជាមធ្យម បានចំនួន៤០៦នាក់។ Boeing សង្ឃឹមថានឹងអាចប្រគល់យន្តហោះស៊េរី 777X នេះឲ្យដល់ដៃអតិថិជនបាននៅក្នុងឆ្នាំ២០២១៕