(ហុងកុង)៖ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅហុងកុង នាថ្ងៃពុធនេះបានចុះផ្សាយថា ទីក្រុងហុងកុងក៏បានរកឃើញជាលើកដំបូងផងដែរ នូវ ករណីអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណា (Coronavirus) ប្រភេទថ្មី ដែលកំពុងរាលដាលយ៉ាងខ្លាំងក្លានៅក្នុងប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅល្ងាចថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។

យោងតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានហុងកុងដូចជា RTKH, HK Cable TV និង TVB ជាដើម ដែលផ្អែកលើប្រភពលក្ខណៈមិនបញ្ចេញអត្តសញ្ញាណ អ្នកជំងឺខាងលើបានមកដល់ហុងកុង តាមជើងរថភ្លើងល្បឿនលឿនមួយខ្សែ ហើយកំពុងតែស្ថិតនៅក្នុងមន្ទីរពេទ្យ Queen Elizabeth នៃទីក្រុងហុងកុង ដើម្បីទទួលការតាមដាន និងព្យាបាល។

ការផ្ទុះឡើងនៃវីរុសថ្មីប្រភេទថ្មីនេះ បានចាប់ផ្តើមនៅក្នុងទីក្រុង Wuhan នៃខេត្ត Hubei ជាទីដែលកំពុងមានអ្នកឆ្លងច្រើនជាងគេ ហើយបច្ចុប្បន្នវា បានរាលដាលដល់ទីក្រុងក៏ដូចជាខេត្តជាច្រើនទៀតរបស់ចិន រួមមានទាំងរដ្ឋធានីប៉េកាំង ទីក្រុងសៀងហៃ ខេត្ត Guandong និងទីក្រុងម៉ាកាវ ហើយនៅក្រៅព្រំដែនប្រទេសចិន គឺនៅប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏សុទ្ធបានរកឃើញករណីអ្នកមានផ្ទុកវីរុសនេះដែរ ដោយក្នុងនោះថៃមានដល់ទៅ ០៤ករណី។

គួរជម្រាបថា អម្បូរវីរុសខាងលើ គឺ Coronavirus មានប្រភេទវីរុសច្រើន ដែលអាចបង្កជំងឺចាប់ពីកម្រិតស្រាល ដូចជាគ្រុនផ្តាសាយធម្មតាៗ រហូតដល់ជំងឺរលាកសួត ឬជំងឺផ្លូវដង្ហើមខ្លាំងក្លាដូចជា ជំងឺ SARS ដ៏កាចសាហាវ។ ជំងឺ SARS ក៏បានផ្ទុះឡើងដំបូងនៅក្នុងប្រទេសចិនដែរ ហើយកាលពីឆ្នាំ២០០៣ ហុងកុងបានទទួលរងការវាយលុកយ៉ាងដំណំដោយជំងឺនេះ។ បើតាមអង្គការសុខភាពពិភពលោក កាលគ្រានោះមនុស្សចំនួន ១,៧៥៥នាក់នៅហុងកុងបានឆ្លងវីរុស SARS ហើយ ២៩៩នាក់បានស្លាប់ ខណៈនៅទូទាំងពិភពលោកទាំងមូលមនុស្សប្រមាណ ៨០០នាក់បានបាត់បង់ជីវិត ដោយសារតែជំងឺនេះ៕