(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្រ្តទើបតែបានប្រកាសឲ្យដឹងថា តំបន់រណ្តៅអាចម៍ផ្កាយធំមួយនៅរដ្ឋអូស្រ្តាលីខាងលិច (Western Australia) មានអាយុចំណាស់បំផុតរហូតដល់ជិត២.៣ពាន់លានឆ្នាំ ហើយព្រឹត្តិការណ៍អាចម៍ផ្កាយធ្លាក់ចំផែនដីនាពេលនោះ ក៏ទំនងជាបានចូលរួម ចំណែក ធ្វើឲ្យអាកាសធាតុភពយើងមានការប្រែប្រួលផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន USA Today នៅល្ងាចថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។

ការសិក្សាថ្មីមួយចុះផ្សាយនាថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា កាលពី២.២៩ពាន់លានឆ្នាំមុន អាចម៍ផ្កាយមួយបានហោះមកបុកចំផ្ទៃរបស់ ភព ផែនដី ដែលកាលនោះគ្របដណ្តប់ទៅដោយផ្ទាំងទឹកកក ហើយវាបានបន្សល់ទុកស្នាមរបួស ក្នុងទម្រង់ជាតំបន់រណ្តៅអាចម៍ផ្កាយមួយឈ្មោះ Yarrabubba ដែលមានអង្កត់ផ្ចិតប្រវែងប្រមាណជា៧០គីឡូម៉ែត្រ ហើយបច្ចុប្បន្នស្ថិតនៅភាគខាងលិចប្រទេសអូស្រ្តាលី។ ប្រការនេះធ្វើឲ្យ តំបន់រណ្តៅអាចម៍ផ្កាយនោះ ជារណ្តៅអាចម៍ផ្កាយមានអាយុកាលចំណាស់បំផុតលើផែនដី។

ការកកើតនៃរណ្តៅអាចម៍ផ្កាយខាងលើ គឺគាប់ជួនជាមួយពេលដែលភពផែនដី កំពុងតែត្រៀមចាកចេញពីយុគសម័យទឹកកកមួយហៅថា Snowball Earth ជាពេលដែលផ្ទៃនៃភពរបស់យើង ត្រូវគ្របដណ្តប់ដោយផ្ទាំងទឹកកមានកម្រាស់ខ្ទង់៥គីឡូម៉ែត្រ។ អ្នកវិទ្យាសាស្រ្តជឿថា ព្រឹត្តិការណ៍ធ្លាក់អាចម៍ ផ្កាយនោះ ប្រហែលជាបានធ្វើឲ្យចំហាយទឹករហូតដល់ជិត៥,០០០ទ្រីលានគីឡូក្រាម ខ្ទាតឡើងទៅក្នុងបរិយាកាសផែនដី ខណៈចំហាយទឹក ដ៏ច្រើនសម្បើមទាំងនោះ អាចដើរតួនាទីជាឧស្ម័នផ្ទះកញ្ចក់ ដែលបង្ក ឲ្យសីតុណ្ហភាពផែនដីកើនឡើង។

គួរជម្រាបថា យោងតាមការសង្ស័យរបស់អ្នកវិទ្យាសាស្រ្ត គឺព្រឹត្តិការណ៍ដែលបានបង្កើតចេញជាតំបន់រណ្តៅអាចម៍ផ្កាយ Yarrabubba ទំនងជា បានចូលរួមចំណែកបញ្ចប់យុគសម័យទឹកកក Snowball Earth របស់ផែនដីយើងនាគ្រានោះ៕