(ប៉េកាំង)៖ ក្រុមមន្ត្រីសុខាភិបាលចិន នៅថ្ងៃពុធនេះបានព្រមានថា វីរុសផ្លូវដង្ហើមថ្មីដែលមានសភាពដូចជាជំងឺ SARS និងកំពុងលុកលុយប្រទេសចិន អាចនឹងផ្លាស់ប្ដូរទម្រង់ ហើយរីករាលដាលកាន់តែខ្លាំងនៅពេលអនាគត ខណៈចំនួនអ្នកស្លាប់កើនដល់ ០៩នាក់ និងជាង ៤៤០ឆ្លង។ បន្ថែមពីនេះទីក្រុងម៉ាកាវ ក៏បានទទួលស្គាល់ពីការកឃើញ អ្នកឆ្លងវីរុសនេះជាលើកដំបូងផងដែរ ដែលជាស្ត្រីម្នាក់អាយុ ៥២ឆ្នាំ ទើបធ្វើដំណើរមកពីទីក្រុងវូហាន (Wuhan)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។

នៅក្នុងសន្និសីទព័ត៌មានធំមួយនៅថ្ងៃពុធនេះ លោក លី ពីន (Li Bin) ជាអនុប្រធានគណៈកម្មការជាតិសុខាភិបាលចិន បានគូសបញ្ជាក់ដូច្នេះថា «បើទោះបីជាការចម្លងនៃវីរុសផ្លូវដង្ហើមថ្មីនេះ មិនទាន់ត្រូវបានកំណត់ឱ្យច្បាស់ក៏ដោយ តែវាមានលទ្ធភាពដែលគួរឱ្យព្រួយបារម្ភថា វីរុសនេះអាចនឹងវិវត្តន៍ផ្លាស់ប្ដូរទម្រង់ និងការរីករាលដាលកាន់តែខ្លាំងនៅពេលអនាគត»

លោក លី បានបន្ថែមទៀតថា ចំនួនអ្នកឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាប្រភេទថ្មី (Coronavirus) បានកើនដល់ ៤៤០នាក់ហើយ រីឯអ្នកស្លាប់វិញបានឡើងដល់ ០៩នាក់ ស្របពេលករណីឆ្លងវីរុសខូរ៉ូណាសរុបទាំង ៤៤០នោះ គឺស្ថិតក្នុងខេត្តចំនួន ១៣ទូទាំងប្រទេសចិន។ អ្នកបាត់បង់ជីវិតទាំងអស់ គឺសុទ្ធតែនៅក្នុងខេត្ត ហ៊ូបៃ (Hubei) ភាគកណ្តាល ជាទីដែលវីរុសខាងលើបានរាលដាលដំបូងចេញពីទីក្រុង វូហាន (Wuhan) ខណៈរដ្ឋធានីប៉េកាំងក៏មានករណីអ្នកឆ្លងវីរុសនេះដែរ។

ជាមួយគ្នានេះអាជ្ញាធរចិនបានប្រកាសពីវិធានការបន្ថែម ដើម្បីព្យាយាមគ្រប់គ្រងការបន្តរីករាលដាលនៃវីរុសផ្លូវដង្ហើមនេះ ស្របពេលដែលប្រជាជនចិន រាប់រយលាននាក់ ត្រូវធ្វើដំណើរទៅ-មកក្នុងប្រទេស កំឡុងបុណ្យចូលឆ្នាំចិននាសប្តាហ៍នេះ។ ដោយឡែក ក្រៅពីប្រទេសចិនផ្ទាល់ ថៃ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ និងសហរដ្ឋអាមេរិក ក៏បានរកឃើញករណីអ្នកផ្ទុកវីរុសនេះដែរ ដោយករណីទាំងនោះ គឺពាក់ព័ន្ធជាមួយអ្នកដែលធ្វើដំណើរមកពីក្រុង Wuhan របស់ចិន។ បន្ថែមពីនេះអង្គការ សុខភាពពិភពលោក (WHO) ក៏បានប្រកាសរៀបចំកិច្ចប្រជុំបន្ទាន់ នៅក្នុងសប្តាហ៍នេះផងដែរ ដើម្បីពិភាក្សាអំពីវិធានការទប់ស្កាត់ ការឆ្លងវីរុសផ្លូវដង្ហើមនៅចិន។

គួរជម្រាបថា កាលពីថ្ងៃអង្គារកន្លងទៅ អាជ្ញាធរសុខាភិបាលចិនបានទទួលស្គាល់ថា វីរុសផ្លូវដង្ហើមថ្មីគឺឆ្លងពីមនុស្សទៅមនុស្ស តាមរយៈការក្អក ឬកន្តាស់។ ប៉ុន្តែពួកគេមិនទាន់អាចបញ្ជាក់ពី ប្រភពជាក់លាក់នៃកំណើតវីរុសនេះនៅឡើយទេ៕