(វ៉ាស៊ីនតោន)៖ សវនាការទៅតាមនីតិវិធីដកតំណែងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងព្រឹទ្ធសភាបានចាប់ផ្ដើមធ្វើឡើងជាផ្លូវការហើយ លាយឡំជាមួយភាពចម្រូងចម្រាស់ បន្ទាប់ពីសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានទាត់ចោលសំណើរបស់សមាជិកព្រឹទ្ធសភា មកពីបក្សប្រជាធិបតេយ្យ ដែលចង់ឱ្យមានសាក្សី និងភស្ដុតាងបន្ថែមនៅក្នុងសវនាការនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០។

ប្រធានព្រឹទ្ធសភាសំឡេងភាគច្រើនមកពីបក្សសាធារណរដ្ឋ លោក មីត ម៉ាកខុនណែល (Mitch McConnell) ក៏បានដាក់ចេញនូវបទបញ្ញតិ ដែលនឹងហាមឃាត់ការបង្ហាញខ្លួនរបស់ សាក្សីសំខាន់ៗក្នុងនោះរួមមានទាំងអតីតទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ប៊ូលតុន ឬភស្តុតាងនៅក្នុងសវនាការផងដែរ បន្ទាប់ពីទទួលសម្ពាធពីសមាជិក សភាបក្សសាធារណរដ្ឋ។ ប៉ុន្តែខាងសមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ បានចាត់ទុកថា នេះគ្រាន់តែជាការជួយបិទបាំងបទឧក្រិដ្ឋរបស់លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ ខណៈប្រធានាធិបតីអាមេរិករូបនេះ បានថ្លែងពីវេទិការសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង ដាវូស (Davos) ប្រទេសស្វីស នៅថ្ងៃអង្គារសប្ដាហ៍នេះ ដោយទាត់ចោលរាល់ការចោទប្រកាន់មកលើរូបលោក ដែលជារឿងគួរឱ្យអស់សំណើច។

គួរបញ្ជាក់ថា សវនាការនៅក្នុងព្រឹទ្ធសភាអាមេរិក នឹងត្រូវធ្វើឡើង ៦ម៉ោងក្នុងមួយថ្ងៃ និង ៦ថ្ងៃក្នុងមួយសប្ដាហ៍ (លើកលែងថ្ងៃអាទិត្យចេញ) ហើយប្រធានតុលាការកំពូល លោក ចន រ៉ូប៊ឺតស៍ (John Roberts) គឺជាប្រធានសវនាការនេះ ដែលជាលើកទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។ ប៉ុន្តែសវនាការត្រូវបញ្ចប់នៅពេលនោះ គឺមិនទាន់ច្បាស់នៅឡើយទេ ហើយរឿងទម្លាក់តំណែងលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងមិនអាចទៅរួចឡើយ ដ្បិតបច្ចុប្បន្នព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដែលមានសមាជិក ៥៣រូប រីឯ ៤៥រូបទៀតមកពីបក្សប្រជាធិបតេយ្យ និងពីររូបទៀត ជាសមាជិកឯករាជ្យមានទំនោរទៅបក្សប្រជាធិបតេយ្យ។ លោក ត្រាំ ត្រូវបានសភាតំណាងរាស្ត្រ ដឹកនាំដោយគណបក្សប្រជាធិបតេយ្យ បោះឆ្នោតដកតំណែង តាមរយៈការចោទប្រកាន់ចំនួនពីរបទចោទ គឺរំលោភអំណាច និងបង្កការរាំងស្ទះ ដល់ការស៊ើបអង្កេតរបស់សភា ក្នុងសំណុំរឿងអាស្រូវអ៊ុយក្រែន។

ដូច្នេះដើម្បីអាចបណ្ដេញលោក ត្រាំ ចេញពីសេតវិមាន ព្រឹទ្ធសភាត្រូវការសំឡេងពីសមាជិកព្រឹទ្ធសភា ៦៧នាក់ ក្នុងចំណោមសមាជិកទាំង ១០០នាក់ ឬអាចនិយាយម្យ៉ាងទៀតថា បើបក្សប្រជាធិបតេយ្យចង់សម្រេចបំណងមួយនេះ ទាល់តែបញ្ចុះបញ្ចូលឱ្យសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋ ២០នាក់ ចូលរួមជាមួយខ្លួនបោះឆ្នោតប្រឆាំងនឹងលោក ត្រាំ៕